ប្ដីប្រពន្ធមួយគូនៅកូរ៉េ ទទួលបានប្រាក់ឧបត្ថម្ភជាង ១២ ម៉ឺនដុល្លារពីរដ្ឋ ក្រោយសម្រាលបានកូនភ្លោះ ៥ នាក់
ប្ដីប្រពន្ធមួយគូនៅប្រទេសកូរ៉េខាងត្បូង បានផ្ដល់កំណើតដល់កូនភ្លោះចំនួន ៥ នាក់ (ប្រុស ៣ ស្រី ២) នាមន្ទីរពេទ្យ St.Mary’s Hospital ក្នុងក្រុងសេអ៊ូល កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះជាករណីដំបូងហើយដែលប្រទេសកូរ៉េខាងត្បូង មានពលរដ្ឋសម្រាលបានកូនភ្លោះច្រើនរហូតដល់ ៥ នាក់បែបនេះ។
តាមសម្ដីរបស់បុរសជាប្ដីបញ្ជាក់ប្រាប់កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅបានឱ្យដឹងថា៖ «ពួកយើងមានគម្រោងយកកូន ប៉ុន្តែពួកយើងមិនដែលធ្លាប់គិតថានឹងទទួលបានសមាជិកម្ដង ៥ នាក់បែបនេះទេ។ ពពោះបាន ៦ សប្ដាហ៍គ្រូពេទ្យបានប្រាប់ពួកយើងថា ឃើញមានសុករហូតដល់ទៅ ៥ ហើយពេទ្យមិនអនុញ្ញាតឱ្យមានការរំលូតណាមួយទេ ដោយណែនាំឱ្យពួកយើងរង់ចាំរហូតដល់ថ្ងៃសម្រាលសិន»។
គួរឱ្យដឹងថា ដោយសារតែទារកក្នុងពោះមានច្រើនពេកទើបគ្រូពេទ្យតម្រូវឱ្យមានការសម្រាលដោយវះកាត់នៅសប្ដាហ៍ទី ២៧។ ទារកទាំង ៥ នាក់បានសម្រាលដោយជោគជ័យ និង ត្រូវបានយកដាក់ក្នុងកែវអុកស៊ីហ្សែននាផ្នែកសង្គ្រោះបន្ទាន់ភ្លាមៗ ដោយទារកនីមួយៗត្រូវបានក្រុមគ្រូពេទ្យពិនិត្យថែទាំយ៉ាងយកចិត្តទុកដាក់បំផុត។
ក្រោយសម្រាលកូនភ្លោះ ៥ នាក់បានដោយជោគជ័យ ប្ដីប្រពន្ធទាំងពីរត្រូវបានលោកប្រធានាធិបតី Yoon Suk-yeol សម្ដែងការអបអរ និង អរគុណចំពោះការផ្ដល់កំណើតដល់ទារកដ៏អស្ចារ្យទាំង ៥ នាក់នេះ រួមទាំងអរគុណដល់ក្រុមគ្រូពេទ្យដែលខ្នះខ្នែងជួយផងដែរ។
គួរបញ្ជាក់ថា ប្ដីប្រពន្ធកូរ៉េមួយគូដែលរស់នៅក្រុង Dongduseong ខេត្ត Gyeonggi នេះ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលក្នុងតំបន់ចំនួនជាង ១៧០ លានវ៉ុន (១២៧ ០០០ ដុល្លារ)។ តាមគោលនយោបាយលើកទឹកចិត្តការបង្កកំណើតក្នុងក្រុងខាងលើ គូស្នេហ៍ណាដែលកើតបានកូនដំបូងនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៧៤៩ ដុល្លារ និង ចន្លោះពី ១១០០ ដុល្លារដល់ ៣៧០០ ដុល្លារ ពេលមានកូនទី ២ ដល់ទី ៤៕
ប្រភព៖ VN Express