បង្ហាញភ្លាម លក់ជិតអស់ភ្លែត! គំនូរអ្នកលក់អាហារតាមដងផ្លូវនៅភ្នំពេញ ក្រោមស្នាដៃសិល្បករ Mikey ជនជាតិហ្វីលីពីន
ពីមួយផ្ទាំងទៅមួយផ្ទាំង តាំងតម្រៀបប្រដេញគ្នាលើជញ្ជាំងផ្ទៃពណ៌ស គំនូរវិចិត្របង្កដោយពណ៌ចម្រុះ ហាក់ជាស្នាដៃប្លែកភ្នែក បានកំពុងទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិ ឱ្យចោមជិត គន់ដោយស្នាមញញឹម។ គំនូរមិនត្រឹមតែបង្ហាញពីសិល្បៈនៃការប្រើពណ៌ និង ច្បិចសម្គាល់អត្តសញ្ញាណប៉ុណ្ណោះទេ តែថែមទាំងបំផុសរូបភាព ស្ថិតក្រោមប្រធានបទតែមួយផងដែរ។
ជាការពិតណាស់ នេះគឺជាទិដ្ឋភាពនៃការតាំងពិព័រណ៍គំនូរក្រោមប្រធានបទ «Let’s Eat!» ឬ «តោះញុំា» ដែលជាស្នាដៃរបស់សិល្បករជនជាតិហ្វីលីពីន លោក Michael Santiago ឬច្រើនគេស្គាល់ឈ្មោះថា Mikey។ ពិព័រណ៍គំនូររៀបចំដោយ មជ្ឈមណ្ឌលរចនា STOR-Y និង ធ្វើឡើងនៅទីតាំងវិចិត្រសាល Synopsis កាលពីល្ងាចថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤ នេះ មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវសំខាន់ៗដូចជា៖ អ្នកតំណាងមកពីជួររដ្ឋាភិបាល, ទូតសុច្ឆន្ទៈ, សិល្បករ និង បុគ្គលជាច្រើនទៀតមកពីវិស័យហ្វេហ្សិន ច្នៃប្រតិដ្ឋ និង ប្រព័ន្ធផ្សព្វផ្សាយ។
ស្នាដៃគំនូរពណ៌ទឹកប្រមាណ ១៧ ផ្ទាំង ពណ៌នាពីអ្នកលក់អាហារផ្សេងៗរួមមាន៖ អ្នកលក់ចេកចៀន, អ្នកលក់នំពងទា, អ្នកលក់នំគ្រក់, អ្នកលក់បាយឆា, អ្នកលក់បាយសាច់ជ្រូក…ជាដើម សុទ្ធតែមានដំណើរដើមទង ផ្សារភ្ជាប់ជាមួយសិល្បករ Mikey ផ្ទាល់ ។ តួយ៉ាង សិល្បករ Mikey បានមករស់នៅ និង ធ្វើការនៅកម្ពុជាអស់រយៈពេលប្រមាណ ១៧ ឆ្នាំមកហើយ។ ការប្រើប្រាស់ជីវិតប្រចាំថ្ងៃនៅទីក្រុងភ្នំពេញ បានបណ្តាលឱ្យលោកផុសគំនិតបង្កើតសិល្បៈគំនូរ ដោយដកស្រង់ពីវប្បធម៌អាហារលើដងវិថីដ៏រស់រវើក និង ការអបអរជីវិតប្រចាំថ្ងៃដែលពិតជាក់ស្តែង និង សាមញ្ញ។
លោកបានជួបអ្នកលក់ជាច្រើនដូចជា ពូ មីង និង បងស្រី ដែលពាក្យនេះពិតជាមានឥទ្ធិពលខ្លាំង ទៅលើការបង្កើតមុខម្ហូបដើម្បីជារបបផ្គត់ផ្គង់គ្រួសារ និង សហគមន៍របស់ពួកគេ។ តាមរយៈការជំរុញចិត្តនេះ លោកបានបង្កើតខូឡិកហ្សិនគំនូរពណ៌ទឹកជាច្រើនផ្ទាំង ដែលពណ៌នាពីអ្នកលក់ផង និង រឿងរ៉ាវពិតនៅពីក្រោយពួកគេផង។ រាល់អ្នកលក់ដែលលោកបានគូរឡើង សុទ្ធតែស្គាល់ស្និទ្ធស្នាលជាមួយលោក និង ដឹងរឿងពិតផ្ទាល់ខ្លួនផងដែរ។
ជាមួយស្នាដៃដ៏គួរឱ្យចាប់អារម្មណ៍នេះ ភ្លាមៗក្នុងការតាំងបង្ហាញ គំនូរប្រមាណ ៩ ផ្ទាំងត្រូវបានភ្ញៀវចាប់ចិត្តជាវរួចជាស្រេច។ ស្នាដៃនេះចំពោះសិល្បករ Mikey លោកបានលើកឡើងថា វាពិតជាមានអត្ថន័យបំផុតសម្រាប់លោក នេះក៏ព្រោះវាជាសិល្បៈ ជាដំណើររឿងនៅពីក្រោយ និង ជាទិដ្ឋភាពដំណើរ។ លោកក៏សូមអរគុណដល់អ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រស្នាដៃរបស់លោកផងដែរ។
គួរឱ្យដឹងដែរថា គំនូររបស់សិល្បករ Mikey នឹងដាក់តាំងបង្ហាញបន្តរហូតដល់ខែតុលា និង ពេញមួយខែទៀត(លើកលែងថ្ងៃបុណ្យភ្ជុំបិណ្ឌ)។ ដូចនេះ ប្រិយមិត្តអាចទៅទស្សនា និង ជួបជជែកជាមួយសិល្បករនៅទីតាំងផ្ទាល់ផងដែរ៕