កៀកថ្ងៃប្រឡងបាក់ឌុប! ប្អូនៗមកដឹងរឿង ១៧ យ៉ាង ដែលបេក្ខជនមិនគួរធ្វើកំឡុងពេលប្រឡងបាក់ឌុប ២០២៤
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៤ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ពោលគឺនៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤។
កៀកនឹងថ្ងៃប្រឡងដែលខិតជិតមកដល់ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ តាមរយៈផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និង កីឡា បានបញ្ជាក់ពីប្រការចំនួន ១៧ ដែលបេក្ខជនមិនត្រូវអនុវត្តក្នុងដំណើរការសំណេរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមានដូចជា ៖
១. មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី ២
២. មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងប្រដាប់អាវុធចូលក្នុងមណ្ឌលប្រឡង
៣. មិនត្រូវយកសៀវភៅ និង សំណៅឯកសារគ្រប់រូបភាពចូលក្នុងមណ្ឌលប្រឡង
៤. មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬ បន្ទប់ប្រឡងនូវអាវុធ ជាតិផ្ទុះ ទូរសព្ទដៃ ឧបករណ៍ អេឡិចត្រូនិកគ្រប់ប្រភេទ សៀវភៅ សំណៅឯកសារ ប្រដាប់គិតលេខ នាឡិកាដៃដែលមានប្រដាប់គិតលេខ កាតាប កាបូបយួរដៃ ថង់ សម្លៀត កញ្ចប់ផ្សេងៗ និង ទឹកលុបពណ៌ស
៥. មិនត្រូវចូលក្នុងបន្ទប់ប្រឡង មុនពេលអនុរក្សហៅឈ្មោះ
៦. មិនត្រូវប្រើពាក្យសំដី ឬ អាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះនៅក្នុងមណ្ឌលប្រឡង ឬ ក្នុងបន្ទប់ប្រឡងដោយគំរាមកំហែងលើបេក្ខជនដទៃ
៧. មិនត្រូវបដិសេធ ប្រឆាំងតបត ឬ បង្កបាតុភាពដោយពាក្យសំដី ដោយកាយវិការ ចំពោះការត្រួតពិនិត្យរបស់អ្នកមានសមត្ថកិច្ច ឬ មេប្រយោគក្នុងការពិនិត្យស្រាវជ្រាវរើរកសំណៅឯកសារ និង សម្ភារៈផ្សេងៗ ដែលត្រូវហាមឃាត់ មិនឱ្យយកចូលក្នុងមណ្ឌលប្រឡង
៨. មិនត្រូវធ្វើចម្លើយវិញ្ញាសានៅលើសន្លឹកកិច្ចការណាដែលគ្មានហត្ថលេខារបស់អនុរក្ស
៩. មិនត្រូវចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និង មិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡងឡើយ
១០. មិនត្រូវងើបឈរ ងាកឆ្វេងស្តាំ អើតឈ្ងោកទៅមុខ បែរទៅក្រោយ ឬ ដើរចេញពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស
១១. មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗ ឮ ដល់អ្នកជិតខាង ឬ ឆក់អូសទាញយកសន្លឹកកិច្ចការរបស់អ្នកដទៃដាក់ពីមុខ ឬ ដាក់ពីក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ
១២. មិនត្រូវប្តូរគ្នានូវសន្លឹកកិច្ចការ ឬ ក្រដាសព្រាង ឬ ផ្ទៀងផ្ទាត់ចម្លើយ ឬ ចម្លងគ្នា និង មិនត្រូវដាក់សន្លឹកកិច្ចការឆ្ងាយពីមុខរបស់ខ្លួន បង្កឱ្យអ្នកដទៃមើល ឬ អូសឆក់យកបាន
១៣. មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការ ដើម្បីធ្វើឱ្យគេស្គាល់អាគតដ្ឋានរបស់ខ្លួនដូចជា សរសេរ អក្សរប្លែកពីតួអក្សរទាំងអស់ក្នុងកិច្ចការ ធ្វើសញ្ញាផ្សេងៗ ឬ គូសបន្ទាត់ខុសប្រក្រតី ឬ សរសេររំលងបន្ទាត់ជាដើម
១៤. មិនត្រូវលាក់ ឬ ហែកសន្លឹកកិច្ចការរបស់ខ្លួន និង មិនត្រូវហែក ឬ លាក់សន្លឹកកិច្ចការអ្នកដទៃ
១៥. មិនត្រូវបំផ្លាញ ឬ ធ្វើឱ្យខូចខាតសម្ភារៈនៅក្នុងបន្ទប់ប្រឡងដូចជាដោះទ្វារ បង្អួច ធ្វើឱ្យរបើកជញ្ជាំងក្ដារ ធ្វើឱ្យបាក់បែកតុ កៅអី ឬ ក្តារខៀនជាដើម
១៦. មិនត្រូវឱ្យអ្នកដទៃប្រឡងជំនួស ឬ សរសេរបំពេញបន្ថែមលើសន្លឹកកិច្ចការខ្លួនជាដាច់ខាត
១៧. មិនត្រូវប្រើពាក្យសំដី និង អាកប្បកិរិយាដែលនាំឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង ឬ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់មេប្រយោគ៕