ព្រះអើយ! គ្រួសារមួយនៅតៃវ៉ាន់ សមាជិកទាំងអស់កើតជំងឺទឹកនោមផ្អែម ក្រោយញ៉ាំតែបាយឆាគុយទាវឆាជាអាហារ ៣ ពេលរាល់ថ្ងៃ
ថ្មីៗនេះ សារព័ត៌មានមួយឈ្មោះ ETtoday បានចុះផ្សាយពីករណីគ្រួសារមួយនៅតៃវ៉ាន់ ដែលមានសមាជិកក្នុងគ្រួសារទាំងអស់បានកើតជំងឺទឹកនោមផ្អែម ដោយសារតែពួកគេចូលចិត្តទទួលទានបាយឆាច្រើនពេក។
តាមការចុះផ្សាយដោយមិនបង្ហាញអត្តសញ្ញាណគ្រួសារ បានឱ្យដឹងថា គ្រួសារមួយនេះតែងតែចូលចិត្តហូបបាយឆា និង គុយទាវឆា ធ្វើជាអាហារ ៣ ពេលក្នុងមួយថ្ងៃៗ ហើយក្នុងមួយពេលៗទៀតនោះ ពួកគេទទួលទានច្រើនណាស់ ដោយក្នុងម្នាក់ៗគឺទទួលទានដល់ទៅ ៣ ចានឯណោះទម្រាំតែឆ្អែត ដោយមានទាំងថែមគ្រឿងថែមទឹកម្ទេសពីលើអាហារយ៉ាងទំនង។ មានការបន្ថែមថា គ្រួសារមួយនេះគឺមិនសូវហូបបន្លែ ឬ អាហារដែលមានប្រូតេអ៊ីនផ្សេងៗទៀតឡើយ ពោលគឺពួយតែបាយ គុយទាវឆា ជាទម្លាប់។
ជុំវិញទម្លាប់ការហូបចុកបែបនេះជាប្រចាំ បើតាមសម្តីគ្រូពេទ្យជំនាញបានបញ្ជាក់ថា ការទទួលទានជាទម្លាប់បែបនេះបានធ្វើឱ្យជាតិស្ករ និង ជាតិខ្លាញ់នៅក្នុងឈាមរបស់ពួកគេកើនឡើងខ្ពស់ជារឿយៗ ដែលធ្វើឱ្យពួកគេកាន់តែឃ្លានខ្លាំងខុសពីធម្មតា ហើយចុងក្រោយទម្លាប់យូរៗទៅវាក៏ក្លាយទៅជាជំងឺទឹកនោមផ្អែមតែម្តង៕
ប្រភព៖ Sanook