មិនធម្មតា! មកស្គាល់ប្រវត្តិ ចុងភៅ សុភ័ក្រ អ្នកឈ្នះពានរង្វាន់កំពូលចុងភៅឆ្នើម ២០២៤ នៅសិង្ហបុរីថ្មីៗនេះ
ជាមោទកភាពមួយទៀតសម្រាប់កម្ពុជា ដែលចុងភៅខ្មែរយើងបានឈ្នះពានរង្វាន់នៅក្នុងកម្មវិធីលំដាប់អន្តរជាតិ។ ជាក់ស្តែង ចុងភៅ សៅ សុភ័ក្រ គឺជាអ្នកឈ្នះមួយរូប ក្នុងចំណោមអ្នកឈ្នះមួយចំនួនទៀត មកពីជុំវិញពិភពលោក នៅក្នុងកម្មវិធី BEST Master Chef 2024 Awards ដែលបង្កើតឡើងដោយសមាគមសម្ព័ន្ធធុរកិច្ចអន្តរជាតិ International Business Alliances នៅសិង្ហបុរី។
លើសពីឈ្នះពានរង្វាន់កំពូលចុងភៅឆ្នាំ ២០២៤ ក្រឡេកមកប្រវត្តិរបស់ចុងភៅ រូបនេះ លោកក៏មានបទពិសោធមិនធម្មតាផងដែរ។ តាមរយៈគណនី LinkedIn លោក សៅ សុភ័ក្រ បានចាប់ផ្តើមប្រឡូកក្នុងវិស័យម្ហូបអាហារនៅក្នុងឆ្នាំ ២០១៧ ដោយធ្វើការនៅកន្លែងលក់អាហារក្នុងស្រុក។ ពេលនោះលោកពុំទាន់មានគំនិតអ្វីជាមួយការចម្អិននៅឡើយ តែរយៈពេលខ្លីក្រោយមក លោកបានរកឃើញនូវមហិច្ឆតារបស់ខ្លួន។ លោកចាប់អារម្មណ៍ស្វែងយល់អំពីរសជាតិមុខម្ហូប និង បានរៀនសូត្រការចម្អិនដោយខ្លួនឯង តាមរយៈវិធីផ្សេងៗដូចជា វីដេអូរៀនធ្វើម្ហូបអនឡាញ, សៀវភៅធ្វើម្ហូប និង តាមដានចុងភៅល្បីៗជាដើម។
នៅខេត្តសៀមរាប សុភ័ក្រ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញដោយខ្លួនឯង ដោយធ្វើការជាមេចុងភៅនៅកន្លែងល្បីៗ រួមបញ្ចូលទាំងភោជនីយដ្ឋានម្ហូបខ្មែរលំដាប់ខ្ពស់ Sugar Palm ជាកន្លែងដែលជំរុញឱ្យលោកមានជំនាញទៅលើម្ហូបខ្មែរកាន់តែខ្លាំង។ ជាពិសេស ការមកទស្សនាដោយចុងភៅល្បីៗ បានជំរុញចិត្តឱ្យលោក រកឃើញអ្វីដែលជាអត្តសញ្ញាណ និង ស្ទីលរបស់ខ្លួន។ ចំណូលចិត្តលើការថតរូប វាក៏បានរុញច្រានឱ្យលោកយកចិត្តទុកដាក់ជាពិសេស ទៅលើការបង្កើតមុខម្ហូប និង ការរៀបចំតុបតែងបង្ហាញនៅលើចានផងដែរ។ លក្ខណៈពិសេសទាំងនេះ បានធ្វើឱ្យ សុភ័ក្រ មានការទទួលស្គាល់ទៅលើជំនាញម្ហូបអាហារបែបប្រណីត ឬ fine dinning។
បោះជំហានក្នុងស្រុកមិនគ្រប់ សុភ័ក្រ បានបង្គ្រប់មហិច្ឆតារហូតដល់ក្រៅប្រទេស។ លោកបានចូលប្រកួតលើឆាកអន្តរជាតិ និង ឈ្នះមេដាយសំរឹទ្ធនៅក្នុងកម្មវិធី Thailand Ultimate Chef Challenge 2019 នៅឯប្រទេសថៃ។ ភាពប៉ិនប្រសប់ទៅលើម្ហូបអឺរ៉ុបសហសម័យ បាននាំឱ្យលោកលើកកម្ពស់ម្ហូបខ្មែរផងដែរ។ នៅក្នុងឆ្នាំ ២០២២ សៀវភៅម្ហូបចំណងជើង «The Taste of Angkor» ដែលជាស្នាដៃនិពន្ធ និង ថតរូបដោយលោកផ្ទាល់ បានឈ្នះពានរង្វាន់នៅក្នុងកម្មវិធី Gourmand World Cookbook Award ជាសៀវភៅធ្វើម្ហូបដែលល្អបំផុតនៅអាស៊ី។
បច្ចុប្បន្ន លោក សៅ សុភ័ក្រ ជាមេចុងភៅប្រចាំនៅភោជនីយដ្ឋាយ Villa 5 ស្ថិតនៅទីក្រុងភ្នំពេញ។ ចំពោះការឈ្នះពានរង្វាន់ថ្មីថ្មោងនេះ លោកបានឡើងទៅប្រទេសសិង្ហបុរី ដើម្បីទទួលពានរង្វាន់ផ្ទាល់ផងដែរ។ ពានរង្វាន់នេះ ក្រៅពី សុភ័ក្រ ក្នុងនោះមានចុងភៅខ្មែរយើងម្នាក់ទៀត ដែលឈ្នះពានរង្វាន់ផងនោះ គឺ ចុងភៅ ណាក់ ដែលយើងគ្រប់គ្នាស្គាល់ថា ជាចុងភៅស្រីល្បីឈ្មោះដំបូងគេនៅកម្ពុជា៕