ទៅកំពត បើប៉ះកន្លែងលក់ម្ហូបដំឡើងថ្លៃ អាចថតឈ្មោះទីតាំង និង តម្លៃផ្ញើចូលផេក រដ្ឋបាលខេត្តនឹងចុះពិនិត្យភ្លាមៗ
កាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ រដ្ឋបាលខេត្តកំពត បានបញ្ជាក់ជូនថា ដោយមានមន្ទីរទេសចរណ៍ខេត្តជាសេនាធិការ រដ្ឋបាលខេត្តកំពត បានប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត មកតម្កល់នៅមន្ទីរទេសចរណ៍ខេត្ត និង រដ្ឋបាលខេត្ត ដើម្បីរក្សាទុកត្រួតពិនិត្យក្នុងករណីមានភាពមិនប្រក្រតី ទៅលើតម្លៃនៃការស្នាក់នៅហូបចុក មិនថាថ្ងៃមានពិធីបុណ្យទាន ឬ ថ្ងៃធម្មតា។
ក្នុងនោះ រដ្ឋបាលខេត្តបានបញ្ជាក់ជូនសាធារណជន និង ភ្ញៀវទេសចរ ដែលអញ្ជើញទៅកម្សាន្តនៅខេត្តកំពត ឱ្យបានដឹងថា ប្រសិនបើមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារក្នុងខេត្តកំពត មានកដំឡើងថ្លៃ ដែលបងប្អូនយល់ថាមិនសមស្រប សូមថតឈ្មោះទីតាំង និង តម្លៃនោះ ចូលទៅកាន់ផេករដ្ឋបាលខេត្កកំពត រដ្ឋបាលខេត្តនឹងធ្វើការត្រួតពិនិត្យជូនភ្លាមៗ។
ស្របគ្នានេះ រដ្ឋបាលខេត្តក៏បានសំណូមពរចំពោះបងប្អូនប្រកបរបរលក់ម្ហូបអាហារ និង កន្លែងស្នាក់នៅ ឱ្យសូមចូលរួមរក្សាតម្លៃដើមឱ្យបានគ្រប់ៗគ្នាផងដែរ៕