ប៉ុន្មានថ្ងៃចុងក្រោយនេះ ពងក្រួច និង សណ្ដែកដី បានក្លាយជាប្រធានបទក្ដៅគគុកមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok បន្ទាប់ពីរឿងចម្រូងចម្រាស់រវាងស្ថាប័នឯកជន Miss Grand Cambodia និង ស្ថាប័ន MGI រហូតពេលនាង Malin ដែលជា Miss Grand ថៃ យំសោកពេលទៅដល់ទឹកដីថៃ ហើយលើកយករឿងពងក្រួចថាមានដង្កូវ។
ខណៈប្រធានបទមួយនេះនៅមិនទាន់ត្រជាក់នៅឡើយ ស្រាប់តែហ្វេសប៊ុកផេកហុងស៊ុយ របស់គ្រូចិនសែ ម៉ុង បានបង្ហោះឱ្យដឹងថា ពងក្រួច និង សណ្ដែកដីមិនត្រឹមតែមានអត្ថប្រយោជន៍ច្រើនមុខសម្រាប់សុខភាពទេ តែពេលហូបទៅថែមទាំងធ្វើឱ្យឡើងរាសីទៀតផង។
ផេកគ្រូចិនសែ ម៉ុង បានរៀបរាប់ថា ៖ «គ្រាន់តែហូប ក៏ឡើងរាសីដែរ ពងក្រួច និងសណ្ដែកដី ពងក្រួច ជាប្រភេទស៊ុនស្ងោឆ្អិន មានសាច់ពណ៌ស និងលឿន ជាអាហារដែលមានធាតុមាស និងធាតុដីច្រើន។ តែសម្រាប់ប្រភេទជ័រព្នៅ គឺមានធាតុទឹកបន្តិចក្នុងនោះផងដែរ។ សណ្ដែកដី ជាក្រុមអាហារធាតុ ដី»៕