អ្វីក៏អាចប្រែប្រួលដែរ! សូម្បីវាលខ្សាច់សាហារ៉ាធ្លាប់តែស្ងួតហួតហែង ប្រែទៅជាបឹងក្រោយភ្លៀងជោកជាំ
ជារឿងហេតុដ៏កម្រមួយដែលប្រទេសម៉ារ៉ុកមានភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុករយៈពេល ២ ថ្ងៃជាប់គ្នា នាំយកទឹកភ្លៀងយ៉ាងពេញប្រៀបបាចសាចលើតំបន់ស្ងួតហួតហែងមួយចំនួននៅវាលខ្សាច់សាហារ៉ា នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Associated Press។
តាមការបញ្ជាក់ពីខាងរដ្ឋាភិបាលរបស់ប្រទេសនៅអាហ្វ្រិកខាងជើងមួយនេះបានឱ្យដឹងថា ជំនន់ទឹកភ្លៀង ២ ថ្ងៃជាប់គ្នាកាលពីខែកញ្ញាកន្លងទៅ គឺជាជំនន់ដ៏ខ្លាំងក្លាដែលមិនធ្លាប់បានឃើញរាប់សិបឆ្នាំមកនេះ។ ជាក់ស្ដែង បឹង Iriqui ដែលជាបាតបឹងចន្លោះក្រុង Zagora និង Tata ធ្លាប់ស្ងួតហួតហែងអស់រយៈពេល ៥០ ឆ្នាំមកនេះ ស្រាប់តែពោរពាសទៅដោយទឹកដ៏មិនគួរឱ្យជឿ។
លោក Houssine Youabeb ដែលធ្វើការជាមួយអគ្គនាយកដ្ឋានឧតុនិយមប្រចាំប្រទេសម៉ារ៉ុក បានរៀបរាប់ថា៖ «រយៈពេល ៣០ ទៅ ៥០ ឆ្នាំហើយដែលពួកយើងទទួលបានទឹកភ្លៀងជោគជាំក្នុងពេលវេលាដ៏ខ្លីបែបនេះ»។ លោកបានបន្ថែមទៀតថា ភ្លៀងធ្លាក់អាចនឹងមានឥទ្ធិពលលើអាកាសធាតុប្រទេសខ្លួនរយៈពេលច្រើនឆ្នាំ ដោយសារតែសំណើមខ្យល់លើអកាសកើនឡើង៕
ប្រភព៖ NyPost