ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃ ចេញសេក្តីថ្លែងការណ៍រួមក្រោយបញ្ហាចម្រូងចម្រាស់ MGI និង MGC នៅតែបន្តអូសបន្លាយ
ជាការពិតណាស់ រឿងរ៉ាវចម្រូងចម្រាស់នៃការរៀបចំកម្មវិធី Miss Grand International 2024 ដែលកម្ពុជាសហការណ៍ធ្វើជាម្ចាស់ផ្ទះរួមនឹងប្រទេសថៃ ត្រូវបានបញ្ចប់ពាក់កណ្តាលទីនោះ នៅតែបន្តផ្ទុះការវែកញែក និង ឆ្លងឆ្លើយគ្នានៅឡើយនៅលើបណ្តាញសង្គមនានា។
យ៉ាងណាមិញ នៅរសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានចេញសេចក្តីថ្លែងការណ៍រួមរវាង ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមអ្នកកាសែតថៃ (ស.អ.ថ) ស្តីពីការបានបើកកិច្ចប្រជុំបន្ទាន់មួយតាម អនឡាញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីហេតុការណ៍ខាងលើ។
ក្នុងនោះដែរ ខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍រួម រវាងក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និង សមាគមអ្នកកាសែតថៃ (ស.អ.ថ) បានរៀបរាប់ថា៖ «ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមអ្នកកាសែតថៃ (ស.អ.ថ) បានសង្កេតឃើញថានាពេលថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌មានពីព្រឹត្តិការណ៍ប្រលងបវរកញ្ញា និងភាពតានតឹង រវាងក្រុមហ៊ុន Miss Grand International Public Company Limited មានទីស្នាក់ការនៅប្រទេសថៃ និង Miss Grand Cambodia ដែលព័ត៌មានទាំងនោះបានរីករាលដាលយ៉ាងច្រើននៅក្នុងប្រទេសទាំងពីរ។ ក.អ.ក និង ស.អ.ថ មានការព្រួយបារម្ភអំពីការបន្តផ្សព្វផ្សាយមួយចំនួនដែលអាចនឹងឈានដល់ជម្លោះកាន់តែធំ។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយ ថ្នាក់ដឹកនាំនៃ ក.អ.ក និង ស.អ.ថ បានបើកកិច្ចប្រជុំបន្ទាន់មួយតាម អនឡាញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីហេតុការណ៍ខាងលើ និងស្នើនូវសំណូមពរមួយចំនួនដូចខាងក្រោម៖
១. សំណូមពរឱ្យក្រុមហ៊ុនឯកជនទាំងពីរ ដោះស្រាយវិវាទរបស់ខ្លួនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យស្ថានការណ៍កាន់តែរីកធំ។
២. សូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងពីរគួរមានការប្រុងប្រយ័ត្ន ហើយមិនគួរប្រើជម្លោះរវាងក្រុម ហ៊ុនឯកជនទាំងពីរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមហ៊ុនផ្សព្វផ្សាយរបស់ខ្លួនឡើយ។
៣. ក.អ.ក និង ស.អ.ថ ក៏សូមអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសទាំងពីរ មុនពេលចែករំលែកព័ត៌មានទាក់ទងនឹងជម្លោះខាងលើ មេត្តាពិចារណាអំពីផលវិបាកដែលអាចកើតមានដោយសារតែការចែកចាយព័ត៌មាននោះ។
ក.អ.ក និង ស.អ.ថ សង្ឃឹមថា វិវាទដែលកំពុងកើតមានរវាងក្រុមហ៊ុនឯកជនទាំងពីរនឹងត្រូវបានដោះស្រាយឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយហានិភ័យនៃស្ថានភាពដែលមិននឹកស្មានដល់ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រជាពលរដ្ឋ និងប្រទេសយើងទាំងពីរ»៕