ដាក់ពាក្យលឿនៗ! ក្រសួងប្រកាសផ្តល់អាហារូបករណ៍ ៥០០ កន្លែង រៀនបរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមសាលាល្បីៗ ចំនួន ៦
នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥ នៅតាមគ្រឹះស្ថានឧត្តមសិក្សា ចំនួន ៦។
ចំពោះលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជន បេក្ខនារីទាំងអស់ ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍ ដោយមានលក្ខខណ្ឌដូចខាងក្រោម ៖
– ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤ ដែលមាននិទ្ទេសរួម A B ឬ C
– ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និង ភាសាអង់គ្លេស ព្រមទាំងវិញ្ញាសាសម្ភាសន៍ផ្ទាល់មាត់
– សិស្សដែលមានជីវភាពក្រីក្រ មកពីតំបន់ដាច់ស្រយាល ជនមានពិការភាព និង សិស្សនារីត្រូវបានលើកទឹកចិត្ត។
ចំពោះការចុះឈ្មោះប្រឡង ត្រូវធ្វើតាមប្រព័ន្ធអនឡាញដាច់ដោយឡែកពីគ្នា ដូចខាងក្រោម៖
ក. ចំពោះបេក្ខជន បេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យអន្តរជាតិជារ៉ាហ្គន និង សាកលវិទ្យាល័យជាតិគ្រប់គ្រង សូមចុះឈ្មោះប្រឡងតាមតំណភ្ជាប់ www.cadt.edu.kh/scholarship ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង តាមទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ / ០៧៧ ៣៣៥ ៨៧៧។
ខ. ចំពោះបេក្ខជន បេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សូមចុះឈ្មោះប្រឡងដោយផ្ទាល់ជាមួយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ តាមរយៈតំណភ្ជាប់ https://www.aupp.edu.kh/aupp-scholarships/techo-digital-talent-scholarship-application-form/ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង តាមទូរសព្ទលេខ ០៩៣ ៣៦៦ ៦២៣/០៦៩ ២៦៦ ៦២៣ ឬអ៊ីមែល admissions@aupp.edu.kh៕
ចំពោះជំនាញ និង សាលាសិក្សាលោកអ្នកអាចអានលម្អិតនៅក្នុងលិខិតជូនដំណឹងខាងក្រោម ៖