ច្បាស់ៗ! យប់មិញនៅខាងព្រះវិហារ ពិសេសចំណុចប្រាសាទព្រះវិហារ មានប្រជាពលរដ្ឋថតឃើញផ្កាយដុះកន្ទុយ ហោះនៅទឹកដីថៃ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលព្រោងព្រាត បន្ទាប់ពីមានគណនីប្រជាពលរដ្ឋបានបង្ហោះទិដ្ឋភាពថតឃើញផ្កាយដុះកន្ទុយ នៅយប់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ។
ទិដ្ឋភាពផ្កាយដុះកន្ទុយនេះផងដែរ ត្រូវបានបង្ហោះដោយគណនីហ្វេសប៊ុកប្រជាពលរដ្ឋមួយរូប មានឈ្មោះ សៀន សុបិន នៅយប់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤ ដោយបានបញ្ជាក់ឱ្យដឹងថា ៖ «នៅទិសទីមួយប្រាសាទព្រះវិហារ មានផ្កាយដុះកន្ទុយមួយនៅទឹកដីថៃ»។ ស្របគ្នានេះ នៅថ្ងៃដដែល តាមរយៈគណនីដែលមានឈ្មោះ Sok Samnann ក៏បានបង្ហោះនូវរូបថតផ្កាយដុះកន្ទុយ C/2023 A3 ផងដែរ ដែលថតបានពីខេត្ដរតនគីរី ទឹកដីភូមិភាគឦសាន។
បើតាមការឱ្យដឹងពីផេក Cambo Space បានបញ្ជាក់ថា នៅប្រទេសកម្ពុជាមានផ្កាយដុះកន្ទុយកំពុងបង្ហាញខ្លួនរៀងរាល់ល្ងាចចាប់តាំងពីថ្ងៃទី ១២ ខែតុលាមកម្ល៉េះ ដោយប្រិយមិត្តអាចសម្លឹងរកមើលដោយភ្នែកទទេទៅកាន់ទិសខាងលិច (ពីលើជើងមេឃបន្តិច និង មិនឆ្ងាយពីទីតាំងភពសុក្រឡើយ) នៅម៉ោង ៦ ៖០០ នាទី ក្រោយថ្ងៃលិច (អាចទស្សនាបែបនេះដល់ថ្ងៃទី ៣១ ខែតុលា) ខណៈទាល់តែមេឃស្រឡះល្អទើបអាចមើលឃើញ៕