ឃើញគេផុសថាលេងបៀរមិនខុសច្បាប់ ខំអរបបួលមិត្តភក្ដិនាំគ្នាវាតវង់ លេងបានតែ ២-៣ ក្ដារ ប៉ូលិសមកសួរសុខទុក្ខដល់កន្លែង
ពិតជារឿងដ៏គួរឱ្យអស់សំណើចផង និង ហួសចិត្តផងសម្រាប់អ៊ំៗមួយក្រុមនៅប្រទេសថៃ ដែលបាននាំគ្នាប្រញាប់ទៅលេងបៀរ ក្រោយពីឃើញគេស៊ែរតាមអនឡាញថាលេងមិនខុសច្បាប់ តែមានអីចុងក្រោយត្រូវប៉ូលិសមកចាប់ទៅប៉ុស្តិ៍ទាំងអស់គ្នា។
ហេតុការណ៍មួយនេះ បានកើតឡើងនៅខេត្តឈុនបុរី ដោយគេបានប្រទះឃើញក្រុមស្រ្តីចំណាស់មួយក្រុមមានគ្នាចំនួន ៤ នាក់ បានជុំគ្នាលេងបៀរនៅក្រោយហាងអាហារមួយកន្លែង ដែលជាការលេងដាក់លុយ និង ទ្រព្យសម្បត្តិ។ ក្នុងនោះ ក្រោយពីបានដឹងដំណឹង ខាងប៉ូលិសក៏បានចុះទៅឃាត់ខ្លួនស្រ្តីចំណាស់ទាំង ៤ នាក់យកទៅប៉ុស្តិ៍ប៉ូលិស ព្រមទាំងចោទប្រកាន់ក្រោមច្បាប់របស់ប្រទេស គឺការលេងល្បែងស៊ីសងដោយខុសច្បាប់ ការស៊ីសងទៅទ្រព្យសម្បត្តិដោយគ្មានការអនុញ្ញាត រួចក៏បានបញ្ជូនខ្លួនបន្តទៀតដើម្បីសួរនាំ។
យ៉ាងណាមិញ តាមការសាកសួរ ក្នុងនោះមានស្រ្តីម្នាក់បានឱ្យដឹងថា អ្នកស្រីបានឃើញគេនាំគ្នាចែកចាយនៅក្នុងបណ្តាញសង្គមថាអាចលេងបៀរបានហើយដោយគ្មានការខុសច្បាប់ ទើបបបួលមិត្តភក្តិមកលេងជុំគ្នា តែមិនដឹងថាការលេងនេះទាល់តែមានការអនុញ្ញាតពីមន្រ្តីប្រចាំតំបន់នោះទេ ទើបជាការលេងដោយមិនខុសច្បាប់៕
ប្រភព៖ Sanook