ព្រះអើយ! ទារកអាយុ ២ ខែត្រូវម្ដាយទុកចោលក្នុងបន្ទប់ជួលម្នាក់ឯង ពេលនេះស្ត្រីជាម្ដាយប្រាប់ហេតុផលហើយ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីអាណិតអាសូរទៅលើទារកអាយុ ២ ខែមួយរូប ដែលត្រូវម្ដាយទុកចោលនៅក្នុងបន្ទប់ជួលតែម្នាក់ឯង តាំងពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ រហូតមកទល់ព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ នេះ។
ទាក់ទិនទៅនឹងរឿងនេះ បើតាមការឱ្យដឹងពីគណនី Phalla Phorn នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ បានបង្ហោះសាររៀបរាប់រឿងរ៉ាវឱ្យបានដឹងថា ស្ត្រីជាម្ដាយបានទុកទារកអាយុ ២ ខែ ក្នុងបន្ទប់ជួលតូចតែម្នាក់ឯង តាំងពីម្សិលមិញ រហូតមកដល់ព្រឹកនេះ មិនឃើញត្រលប់មកវិញទេ។ តែជាសំណាងល្អ បានអ្នកជួលបន្ទប់ជិតគ្នាដឹង គាត់ក៏បានទិញទឹកដោះគោមួយដបទុកឱ្យ ព្រមទាំងក្រដាសសើមមួយប្រអប់ផងដែរ។
បើតាមប្រភពខាងលើ បានបញ្ជាក់ថា កូនតូច ដែលត្រូវម្តាយទុកចោល មួយយប់ទល់ភ្លឺតែម្នាក់ឯងនោះ ឥឡូវនេះម្តាយក្មេងបានវិលត្រលប់មកវិញហើយ។ ម្តាយក្មេងបានបញ្ជាក់ថា នាងមានផ្ទុកនូវជំងឺដែលមិនអាចនិយាយបាន ហើយក៏អត់អ្នកទីពឹងទៅទៀត យប់មិញនេះ គឺនាងចេញរកលុយ ដោយទុកកូនឱ្យនៅក្នុងបន្ទប់ជួលតែម្នាក់ឯង។ ស្រ្តីជាម្ដាយរូបនេះ លើកឡើងថា បើមិនឱ្យនាងចេញក្រៅរកលុយទេ គឺច្បាស់ជាដាច់ពោះស្លាប់ទាំងម្តាយទាំងកូនមិនខាន។
តាមប្រភពបានបន្តថា នៅពេលនេះ លោក ផន ផល្លា បាននាំទាំងម្តាយទាំងកូនទៅកាន់មន្ទីរពេទ្យហើយ ព្រមទាំងយល់ថាមែនទែនទៅ ទាំងម្តាយទាំងកូនសុទ្ធតែបានរងគ្រោះ ខណៈពួកគេសុទ្ធតែមានពងបែកនៅនឹងខ្លួន ទាំងម្ដាយ និង ទារក៕