ធ្វើទៅរួច! ឈ្លោះគ្នាជាមួយប្ដី បែរជាយកកូនៗទៅដាក់អង្គុយលើម៉ាស៊ីនត្រជាក់ជាន់ទី ២៣ ក្មេងភ័.-យយំឡើងចង់គាំង
កាលពីព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) មានស្ត្រីម្នាក់នៅក្រុង Luoyang ប្រទេសចិន បានឮសម្រែកក្មេងយំយ៉ាងខ្លាំងចេញពីជាន់ខាងលើនៃអគារដែលនាងកំពុងស្នាក់នៅ។ ពេលដែលងើយក្បាលមើលឡើងទៅលើ ស្ត្រីរូបនោះពិតជាតក់ស្លុតជាខ្លាំងដោយឃើញមានក្មេងប្រុសក្មេងស្រី ២ នាក់កំពុងអង្គុយលើម៉ាស៊ីនត្រជាក់នៅជាន់ទី ២៣ យ៉ាងគ្រោះថ្នាក់ជាទីបំផុត។
ហេតុការណ៍ដ៏តក់ស្លុតនៅអគារអាផាតមិនខាងលើនេះ ត្រូវបានអ្នកជិតខាងនាំគ្នាថតវីដេអូបង្ហោះលើបណ្ដាញសង្គមដោយក្នុងវីដេអូនោះបង្ហាញឱ្យឃើញស្ត្រីជាម្ដាយក្មេងៗទាំងពីរអង្គុយនៅខាងក្រៅបង្អួចឈ្លោះទាស់ទែងសម្ដីគ្នាឮៗជាមួយប្ដី ខណៈទុកឱ្យកូនតូចៗរបស់ខ្លួនអង្គុយលើម៉ាស៊ីនត្រជាក់ខាងក្រៅដោយគ្មានអ្វីការពារខ្លួនបន្តិចទាល់តែសោះ។ ក្នុងវីដេអូនោះដែរ ក៏ឃើញក្មេងស្រីរងគ្រោះយំស្រែកដោយការភ័យខ្លាចយ៉ាងខ្លាំង ខណៈក្មេងប្រុសតូចគឺនៅរក្សាអារម្មណ៍បានមិនមានការយំស្រែកអ្វីឡើយ។
ដោយក្ដីបារម្ភពីសុវត្ថិភាពក្មេង អ្នកជិតខាងក៏បានទាក់ទងទៅខាងពន្លត់អគ្គិភ័យឱ្យមកសង្គ្រោះ ហើយបើតាមអាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា ខាងក្រុមពន្លត់អគ្គិភ័យបានមកដល់ទីតាំង និង បានសង្គ្រោះក្មេងៗដោយសុវត្ថិភាព។ ចំពោះហេតុការណ៍ខាងលើ ខាងអាជ្ញាធរក៏កំពុងធ្វើការស៊ើបអង្កេតលម្អិតផងដែរ។
យ៉ាងណាមិញ តាមព័ត៌មានបានបញ្ជាក់ថាមូលហេតុបណ្ដាលឱ្យមានហេតុការណ៍បែបនេះកើតឡើងគឺដោយសារតែស្ត្រីជាប្រពន្ធកើតការអន់ចិត្តព្រោះតែគិតថាប្ដីមិនយល់ពីនាង តែខាងប្ដីឯណោះវិញក៏អស់ការអត់ធ្មត់រហូតបង្កទៅជាជម្លោះទាស់ទែងរហូតកើតមានរឿងធំបែបនេះតែម្ដង៕
ប្រភព៖ Kenh14