តារាថៃជួរមុខ ៣ នាក់ត្រូវប៉ូលិសឃាត់ខ្លួន ពាក់ព័ន្ធករណីសង្ស័យជាមេក្លោងឆបោកក្នុងក្រុមហ៊ុន The Icon Group
ពិតជាធ្វើឱ្យផ្ទុះកក្រើកនៅក្នុងប្រទេសថៃខ្លាំងណាស់ សម្រាប់ករណីឆបោកដ៏ធំរបស់ក្រុមហ៊ុន The Icon Group ដែលមានជនរងគ្រោះរហូតដល់ទៅជាង ១០០០ នាក់ ជាពិសេសនោះ គឺគេសង្ស័យថាមានមេក្លោងសុទ្ធតែជាតារាល្បី។
យ៉ាងណាមិញ មកទល់ពេលនេះ បន្ទាប់ពីប៉ូលិសបានខ្នះខ្នែងធ្វើការស៊ើបអង្កេតអស់ជាច្រើនថ្ងៃ លោក Paul ដែលជាប្រធានក្រុមហ៊ុន ក៏ត្រូវបានប៉ូលិសឃាត់ខ្លួនទៅហើយ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ ។ ដោយឡែកនៅក្នុងនោះ គេបានដឹងថាមានមនុស្សចំនួន ១៨ នាក់ទៀត ដែលជាអ្នកពាក់ព័ន្ធសំខាន់ៗជាមួយនឹងករណីនេះ ហើយក៏ត្រូវបានប៉ូលិសប្រមូលខ្លួនជិតអស់ទៅហើយ។
រឿងដែលកាន់តែក្តៅគគុកបំផុតនោះ ក្នុងចំណោម ១៨ នាក់នោះ គឺមានតារាប្រុសស្រីចំនួន ៣ នាក់ ដែលត្រូវបានមហាជនចាប់អារម្មណ៍តាមដានខ្លាំងជាងគេ ដោយក្នុងនោះមាន Kan Kantathavorn ដែលជាពិធីករល្បី តារាស្រី Min Pechaya ព្រមទាំងតារាប្រុសជើងចាស់ Sam Yuranunt ។
អ្នកទាំង ៣ នេះ ត្រូវបានគេសង្ស័យថាមានមុខដំណែងធំៗនៅក្នុងក្រុមហ៊ុននេះ ព្រោះកន្លងមកពួកគេហាក់មានសកម្មភាពច្រើនណាស់ទាក់ទងនឹងដំណើរការរបស់ក្រុមហ៊ុន។ ផ្ទុយទៅវិញ ខណៈរឿងកំពុងផ្ទុះ អ្នកទាំង ៣ នេះ ក៏បានចេញមុខមកបកស្រាយថាខ្លួនគ្រាន់តែជាអ្នកតំណាងផលិតផលប៉ុណ្ណោះ មិនមានសិទ្ធិអ្វីធំដុំនៅក្នុងក្រុមហ៊ុនឡើយ ប៉ុន្តែក្រោយពីធ្វើការស៊ើបអង្កេតតុលាការក៏បានចេញដីកាឃាត់ខ្លួនពួកគេទាំង ៣ នាក់ ដើម្បីស្រាវជ្រាវសួរចម្លើយបន្ត៕
ប្រភព៖ Thairath