អ៊ំប្រុសម្នាក់ ជាជនរងគ្រោះ Icon Group ដើររើសអេតចាយសន្សំលុយទៅដាក់ទុន តែត្រូវក្រុមហ៊ុនបោក ដល់ថ្នាក់ប្រពន្ធខឹងដេញចេញពីផ្ទះ
ទាក់ទងនឹងករណីការឆបោករបស់ក្រុមហ៊ុន The icon Group ដែលកំពុងផ្ទុះក្តៅគគុកនៅប្រទេសថៃ ត្រូវបានគេឱ្យដឹងថាមានជនរងគ្រោះច្រើនខ្លាំងណាស់ ដោយមានចំនួនកើនឡើងពីមួយថ្ងៃៗ ជាពិសេសគឺរាលដាលទៅដល់ប្រជាជននៅតាមជនបទ ដែលជាមនុស្សចំណាស់ៗ។
ក្នុងនោះ មានករណីបុរសចំណាស់វ័យ ៥៨ ឆ្នាំម្នាក់ រស់នៅខេត្តបុរីរ៉ាំ បានដាក់ទុនរកស៊ីជាមួយក្រុមហ៊ុននេះ បានធ្វើឱ្យមហាជនអាណិតជាទីបំផុត។ តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះមានអាជីពជាអ្នកបោសសំរាមនៅតាមផ្លូវ ហើយថ្ងៃមួយត្រូវបានក្រុមហ៊ុននេះល្បួងឱ្យចូលរៀនវគ្គលក់តាមអនឡាញ ដោយចំណាយអស់ ២៥០០ បាត។
ក្រោយមក ក្រុមហ៊ុនក៏បានឱ្យដាក់ទុនយកអីវ៉ាន់មកលក់ចំនួន ២០០ ០០០ បាត ស្មើប្រមាណ ៦០០០ ដុល្លារ ដំបូងឡើយបុរសរូបនេះហាក់មិនហ៊ានឡើយ តែក្រោយពីលោក Sam Yuranunt ជាតារាដែលខ្លួនចូលចិត្តផ្សព្វផ្សាយ ក៏បានសម្រេចចិត្តដាក់ទុនជាមួយ ដោយបានយកលុយសន្សំទាំងជីវិត បូកជាមួយនឹងការរើសអេតចាយថែមទៀតយកទៅដាក់ទុនជាមួយនឹងក្រុមហ៊ុននោះតែម្តង ដែលធ្វើឱ្យប្រពន្ធមិនពេញចិត្ត រួចដេញចេញពីផ្ទះតែម្តង។
យ៉ាងណាមិញ ក្រោយពីបានអីវ៉ាន់មកហើយ បុរសរូបនេះក៏លក់មិនចេញឡើយ ព្រោះតែតម្លៃថ្លៃពេក ហើយមកទល់ពេលនេះក៏ទើបតែដឹងថាក្រុមហ៊ុនជាក្រុមហ៊ុនបោកប្រាស់ ចាប់ផ្តើមរលំដូច្នេះទៀត ក៏រឹតតែអស់សង្ឃឹមដោយមិនដឹងថានឹងយកលុយមកវិញបានដោយរបៀបណា ព្រោះលុយនេះគឺជាលុយដែលគិតថានឹងទុកចិញ្ចឹមខ្លួនពេលចាស់ទៅ៕
ប្រភព៖ Matichon