អាណិតណាស់! នៅមណ្ឌលគិរី ក្មេងប្រុសអាយុ ៨ ឆ្នាំ កើតមកជើងម្ខាងធំពីកំណើត ពេលនេះកំពុងទទួលការព្យាបាល
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីអាណិតអាសូរ ករណីក្មេងប្រុសមួយរូប ឈ្មោះ ស៊ាំម ប៊ុនរុងរឿង អាយុ ៨ ឆ្នាំ រស់នៅភូមិពូលូង ឃុំរមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដែលក្មេងប្រុស មានបញ្ហាជើងធំតាំងពីកំណើត ដែលបណ្តាលឱ្យពិបាកដើរ និង មិនអាចពាក់ស្បែកជើងដូចកុមារដទៃបាន។
ទាក់ទិនទៅនឹងករណីក្មេងប្រុសរូបនេះ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ នេះ TYDA- គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានបញ្ជាក់ឱ្យបានដឹងថា ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជួយព្យាបាល ដោយសហការជាមួយក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផា បញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ។
តាមប្រភពបានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់គ្រូពេទ្យបានពិនិត្យឃើញថា ក្មេងប្រុសខាងលើមានជំងឺដុំសរសៃឈាមរីកពីកំណើត (Klippel-Trénaunay syndrome)។ បច្ចុប្បន្នកំពុងសម្រាកទទួលការព្យាបាលដោយថ្នាំ និង ដាក់ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យជំនាញ។ ចំពោះរាល់ការចំណាយក្នុងការព្យាបាល ស្នាក់នៅ ត្រូវបានគាំពារដោយមន្ទីរពេទ្យគន្ធបុប្ផា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕