ព្រះតេជគុណ គូ សុភាព មានសង្ឃដីកាថា រើសថ្ងៃឡើងអគារ រើសថ្ងៃការកូនបាន តែបើរើសថ្ងៃប្រសូតបុត្រ តាមហុងស៊ុយ គឺមិនគួរឡើយ
នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព បានមានសង្ឃដីកា អំពីការសម្រាលបុត្រក្នុងថ្ងៃហុងស៊ុយ ដែលព្រះអង្គធ្លាប់ជួបមានញោមប្រសូតបុត្រឱ្យចំថ្ងៃហុងស៊ុយ ទៅវះកាត់ ដល់កូនកើតមកមិនគ្រប់ខែត្រឹមត្រូវ មានបញ្ហាសុខភាព រាងកាយមិនរឹងមាំ មានស្មារតីមិនល្អពិបាកចិញ្ចឹម។
តាមរយៈវីដេអូប្រមាណជាង ៣ នាទី ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព បានមានសង្ឃដីកាឱ្យបានដឹងថា ការងារសម្រាលបុត្រ គឺជាការងារបច្ចេកទេសសុទ្ធសាធ ជាជំនាញរបស់ពេទ្យឆ្មប ថាវាត្រូវដល់ពេលណា ម៉ោងណា ហើយបើយើងប្រថុយប្រថានគឺអាចគ្រោះថ្នាក់ ដូចឧទាហរណ៍ឱ្យទាហានមកធ្វើជាពេទ្យឆ្មប។ ព្រះអង្គមានសង្ឃដីកា ជូនជាយោបល់ញាតិញោមថា ៖ «កូនរបស់យើង ទោះកើតថ្ងៃណាក៏នៅតែជាកូនរបស់យើងដែរ ហើយបើកូនហ្នឹងមានសម្ពាយបុណ្យល្អ សិរីសួស្ដីចម្រុងចម្រើនហើយ ហើយបើមិនសូវមានបុណ្យទេ កើតមកកូនយើងគឺនៅតែយើងអ្នកថែដោយទឹកចិត្តមេត្តា គេមានពូជបុណ្យខ្លះហើយបានមកកើតជាមនុស្សហ្នឹង អ៊ីចឹងយើងជួយបណ្ដុះពូជបុណ្យហ្នឹងបន្ថែមទៅ»។
ជាចុងក្រោយ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព បានមានសង្ឃដីកាឱ្យដឹងថា ការងាររើសថ្ងៃរើសខែគឺរើសផ្សេងបាន រើសថ្ងៃឡើងអគារ រើសថ្ងៃការកូន ឬរើសអ្វីព្រះតេជគុណមិនឃាត់ឃាំងទេ ប៉ុន្តែការរើសថ្ងៃប្រសូត្របុត្រ គឺមិនគួរនោះទេ ពីព្រោះវាជារឿងបញ្ហាសុខភាព អាយុជីវិតរបស់ម្ដាយ របស់កូន ហើយវាអាចជាសោកនាដកម្មមួយសម្រាប់គ្រួសារទាំងមូលគួរពិចារណាទាំងអស់គ្នា ទាំងគ្រូអ្នកទាយ និង អ្នកជាម្ដាយដែលសម្រេចចិត្ត៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖