ជូនដំណឹង! ទឹកជំនន់ស្ទឹងព្រែកត្នោត ឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ សូមបងប្អូនរស់នៅសង្កាត់គងនយ ខណ្ឌដង្កោ ប្រុងប្រយ័ត្ន
នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ នេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលគងនយ ដែលមានភូមិសាស្ត្រស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានជូនដំណឹង ពីការហក់ឡើងនៃទឹកជំនន់ស្ទឹងព្រែកត្នោត នៅក្នុងមូលដ្ឋានសង្កាត់គងនយ។
តាមរយៈ ប៉ុស្តិ៍នគរបាលរដ្ឋបាលគងនយ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានសង្កាត់គងនយ មេត្តាជ្រាបថា ទឹកជំនន់ស្ទឹងព្រែកត្នោត បានឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ។ អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិមួយនេះផង។
សូមរំឭកផងដែរថា នៅព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ ក្រសួងធនធានទឹក និង ឧតុនិយម ក៏បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យបានដឹងថា ព្យុះទី ២០ ឈ្មោះត្រាមី (Trami) មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូងឈូងសមុទ្រថៃ និង គ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និង លើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ នៅតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសឦសាន និង បូព៌ មានល្បឿនមធ្យម ៦,៥ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%៕