ណាត់គ្នាទៅ! ៦ ថ្ងៃទៀតដល់ថ្ងៃបើកព្រឹត្តិការណ៍កីឡាជាតិហើយ មានវត្តមានតារាល្បីៗ ផ្ទាំងទស្សនីយភាពអស្ចារ្យ និង ការបាញ់កាំជ្រួចប្រណីត
គិតត្រឹមថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ នេះ គឹសល់ត្រឹម ៦ ថ្ងៃទៀតប៉ុណ្ណោះនឹងឈានមកដល់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី ៤ ឆ្នាំ ២០២៤ និង កីឡាជាតិជនពិការលើកទី ២ ដែលនឹងចាប់ផ្ដើមបើកជាផ្លូវការ នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ វេលាម៉ោង ៦ ល្ងាច ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡានេះផងដែរ បើតាមការឱ្យដឹងពី អគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ឱ្យបានដឹងថា នឹងមានវត្តមានតារាចម្រៀងល្បីៗជាច្រើនចូលរួមផងដែរ រួមមានវត្តមានព្រះនាងតូច នរោត្ដម ជេនណា, លោក ឆន សុវណ្ណរាជ ក្រុមរ៉េបបារមី (វណ្ណដា វណ្ណថាន) ក្រុមឡាស៊ីម៉ាកាទែល ផ្ទាំងទស្សនីយភាពកូរសមុទ្រទឹកដោះ និង ការបាញ់កាំជ្រួចប្រណីតផងដែរ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក អាចចូលរួមទស្សនាដោយសេរី។
គួរឱ្យដឹងផងដែរថា ប្រភេទកីឡាដែលក្រសួងអប់រំ យុវជន និង កីឡា បានកំណត់យកផ្លូវការមានចំនួន ៣៦ ប្រភេទ សម្រាប់ការប្រកួតកីឡាជាតិ លើកទី ៤ រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ ហែលទឹក តេក្វាន់ដូ ITF តេក្វាន់ដូWT ប៉េតង់ គុនដាវ គុនល្បុក្កតោ ប្រដាល់សកល យូដូ ចំបាប់ ប្រដាល់គុនខ្មែរ វាយកូនបាល់ ការ៉ាតេ កាយសម្ព័ន្ធ ទោចក្រយាន សូហ្វតិន្នីស សីដក់ វូស៊ូ ហុកគី ឃីកបុកស៊ីង រាំ ជឺជីតស៊ូ ទូកប្រពៃណី ទូកក្តោង លើកទម្ងន់ ប៊ីយ៉ា និង ស្នូកឃ័រ ទ្រីយ៉ាត្លុង វាយកូនគោល ម៉ូតូទឹក អុកចត្រង្គ និង វ៉ូវីណាម ដែលមាន ៣២៨ វិញ្ញាសា។
ចំពោះប្រភេទកីឡាជាតិជនពិការលើកទី ២ មានចំនួន ១៣ រួមមាន អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ បាល់ទះអង្គុយបូស្យា វាយកូនឃ្លីលើតុជនពិការ អុកជនពិការ លើកទម្ងន់ជនពិការ យូដូជនពិការ វាយសីជនពិការ បាល់ទាត់ជនពិការភ្នែក ៥ ម្ខាង បាល់បោះជនពិការភ្នែក និង អេឡិកត្រូនិចជនពិការ មានវិញ្ញាសាចំនួន ៥៥ សរុបរួមស្មើនឹង ៣៨៣ វិញ្ញាសា៕