អ្នកកើតឆ្នាំ ២ នេះគួរប្រុងប្រយ័ត្នខែក្រោយ គ្រូចិនសែម៉ុង ណែនាំឱ្យធ្វើរឿង ៣ យ៉ាងនេះមុនខែឆុងមកដល់
លោកគ្រូចិនសែ ម៉ុង ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូបតែងចែករំលែកចំណេះដឹងល្អៗពីក្បួនហុងស៊ុយ វិធីសាស្រ្ដសែនព្រេងបែបចិន និង គ្រឿងហុងស៊ុយផ្សេងៗ តាមរយៈផេក ហុងស៊ុយ ផ្ដល់នូវប្រយោជន៍សម្រាប់អ្នកចង់ស្វែងយល់ពីហុងស៊ុយក្នុងការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និង ប្រចាំឆ្នាំ ជាដើម។
នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ នេះផងដែរ លោកគ្រូចិនសែ ម៉ុង ដែលកំពុងមានប្រជាប្រិយភាព បានចែករំលែកចំណេះដឹងហុងស៊ុយឱ្យបានដឹងថា ខែវិច្ឆិកាខាងមុខនេះ ជាខែឆុងជាមួយ ឆ្នាំកុរ និង ម្សាញ់ ដែលការឆុងនេះ អាចមានហានិភ័យខ្ពស់សម្រាប់អ្នកកំពុងព្យាបាលជំងឺ ឬ អ្នកដែលប្រកបអាជីពពាក់ព័ន្ធជាមួយគ្រឿងភ្លើង ( ហ្គាស សាំង ជាដើម ) បើទោះមិនមានគ្រោះថ្នាក់នៅកន្លែងការងារ (គ្រឿងភ្លើង) ក៏ដោយ អ្នកក៏អាចគ្រោះថ្នាក់ផ្សេងៗទៀតបាន ព្រោះរាសីគាត់បានដាក់ទៅហើយ។
ក្នុងនោះ លោកគ្រូ បានបញ្ជាក់ឱ្យដឹងថា ឆ្នាំកុរ និង ម្សាញ់ គួរធ្វើរឿង ៣ យ៉ាងខាងក្រោម មុនខែឆុងមកដល់គឺ ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ (មិនកំណត់ម៉ោង) ដែលមានដូចជា ៖
– យកខោអាវពាក់ផ្ទាល់ខ្លួន ចែកដល់អ្នកក្រីក្រ ១ កំប្លេ
– ប្រលែងត្រីទឹកសាប ៨ ក្បាល ចូលទន្លេ ឬ ប្រភពដែលមានចរន្ដទឹកហូរ
– បើអាច ទៅបូមឈាម ឬ ជួសឈាមបន្តិចក៏រឹតតែល្អ
លោកគ្រូបានបញ្ជាក់ឱ្យដឹងថា សកម្មភាព ៣ ខាងលើ បងប្អូនអាចធ្វើតាមយ៉ាងហោចឱ្យបាន ២ ចំនុច យ៉ាងតិច ទើបអាចមានសុវត្ថិភាព តែបើបាន ទាំង ៣ រឹតតែល្អ៕