រន្ធ./ត់! ប្រទះឃើញស./ពបុគ្គលិកស្រីម្នាក់ក្នុងឡដុតនំនាផ្សារទំនើបមួយកន្លែងក្នុងប្រទេសកាណាដា
កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយបុគ្គលិកស្រីវ័យ ១៩ ឆ្នាំម្នាក់នៅផ្សារទំនើប Walmart ដែលមានទីតាំងនៅផ្លូវ 6990 Mumford Road នាក្រុង Halifax ប្រទេសកាណាដា ត្រូវគេប្រទះឃើញស្លាប់ក្នុងឡដុតនំដ៏ធំមួយ នេះបើតាមការបញ្ជាក់ពីខាងប៉ូលិសក្នុងតំបន់។
អត្តសញ្ញាណនៃជនរងគ្រោះជាបុគ្គលិកផ្សារទំនើបខាងលើគឺមិនត្រូវបានទម្លាយនោះឡើយ ប៉ុន្តែបើតាមខាង Canadian Broadcasting Corporation (CBC) បានឱ្យដឹងថា ជនរងគ្រោះវ័យ ១៩ ឆ្នាំរូបនេះ មានម្ដាយជាជនជាតិឥណ្ឌាដែលបានផ្លាស់មករស់នៅកាណាដាប្រមាណជា ២ ឬ ៣ ឆ្នាំមុន។
អ្នកតំណាងផ្សារទំនើប Walmart បានចេញលិខិតសម្ដែងការរំលែកទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះ ដោយបានរៀបរាប់ថា ៖ «ពួកយើងមានការសោកស្ដាយជាខ្លាំង និង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមការងាររបស់យើង និង ក្រុមគ្រួសាររបស់ពួកគេ។ ពួកយើងនៅតែផ្ដោតសំខាន់លើការមើលថែក្រុមការងាររបស់យើង និង ធានាថាពួកគេទទួលបានជំនួយដែលពួកគេត្រូវការ។ ដូចដែលប៉ូលិសបានលើកបញ្ជាក់ ករណីនេះគឺស្មុគស្មាញណាស់ ហើយការស៊ើបអង្កេតនៅតែបន្តដំណើរការ»។
ករណីដ៏រន្ធត់នេះដែរបានធ្វើឱ្យមហាជននៅតាមបណ្ដាញសង្គមជាច្រើននាំគ្នាផ្ទុះការវែកញែកខ្លាំង ប៉ុន្តែខាងប៉ូលិសក៏បានលើកទឹកចិត្តឱ្យសាធារណជនយកចិត្តទុកដាក់លើព័ត៌មានដែលផ្សព្វផ្សាយពីការស៊ើបអង្កេតរបស់ប៉ូលិសវិញ។
ប្រភព៖ Kenh14