(វីដេអូ) ជិត ១០ ឆ្នាំហើយ ម្ចាស់គណនី Bong Tra ត្រូវជនខិលខូចបង្កើតគណនីក្លែងក្លាយដាក់រូបលោកយកបោកគេ ពេលនេះចេញវីដេអូប្រកាសជាថ្មី
ថ្មីៗនេះ គណនីហ្វេសប៊ុក Bong Tra ដែលមានឈ្មោះពេញថា Thay Sopheaktra បានបង្ហោះវីដេអូក្នុងអត្ថន័យជាសារដាស់តឿនដល់មហាជនជាថ្មី ចំពោះករណីមានជនខិលខូចបានយករូបថតរបស់លោកទៅបង្កើតគណនីក្លែងក្លាយជាច្រើនរាប់មិនអស់ ដោយដាក់ឈ្មោះផ្សេងៗគ្នា ដើម្បីក្លែងបន្លំថាជាលោកទៅបោកលុយជនរងគ្រោះហូរហែ។
ចំពោះស្ទីលបោករបស់ជនខិលខូចទាំងនោះ បានប្រឌិតឡើងជាច្រើនរូបភាព ដូចជាពួកគេបានបោកប្រាស់ថាជាអ្នករកស៊ីលក់ឈើ បើកការាសលក់ឡាន ឬកងឡាន ហើយការរកស៊ីទាំងនោះខាត ឬក្ស័យធន ត្រូវការលុយជាបន្ទាន់ និង ស្នើសុំឱ្យជនរងគ្រោះផ្ញើលុយទៅ ឬការបោកប្រាស់ក្នុងន័យទាក់ទងស្នេហាជាដើម ហើយគណនីទាំងអស់នោះមានតាំងរូបថតរបស់លោក សូមកុំចាញ់បោកហើយព្រមផ្ញើលុយទៅជនអនាមិកទាំងនោះឱ្យសោះ។
តាមរយៈវីដេអូដាស់តឿននោះ គណនីហ្វេសប៊ុក Bong Tra ក៏បានឱ្យដឹងទៀតថា ជនអនាមិកដែលយករូបភាពរបស់លោកទៅប្រើប្រាស់នោះ គឺពួកគេជំនាញក្នុងការបោកជាចង្កោម និង បង្កើតគណនីក្លែងក្លាយជាច្រើន ដោយដាក់ឈ្មោះផ្សេងៗគ្នា មិនថាលើហ្វេសប៊ុក ឬអ៊ិនស្តាក្រាមទេ ជាពិសេសបច្ចុប្បន្ននៅលើ Tiktok មានគណនីក្លែងក្លាយ ដែលយករូបថតរបស់លោកទៅប្រើប្រាស់ជាច្រើន ដោយកន្លងមកមានជនរងគ្រោះច្រើននាក់រួចមកហើយ ភាគច្រើនសុទ្ធតែជានារីៗ ទាំងរស់នៅតាមខេត្ត ភ្នំពេញ និង រស់នៅក្រៅប្រទេស បានចាញ់បោកជនអនាមិកទាំងនោះរាប់ម៉ឺនដុល្លារ។
លោក Thay Sopheaktra ឬ Bong Tra បានប្រកាសសុំមិនទទួលខុសត្រូវរាល់ការឆបោករបស់គណនីក្លែងក្លាយទាំងឡាយណាដែលបានយករូបថតរបស់លោកទៅសាងរូបភាពបោកប្រាស់ផ្សេងៗឡើយ ដោយគណនីពិតប្រកាសរបស់លោកមានតែគណនីហ្វេសប៊ុកផ្ទាល់ខ្លួនចំនួន ២ គឺ ទី១ (https://www.facebook.com/thaysopheaktra/) និង ទី២ (https://www.facebook.com/sopheaktrathay) និង ហ្វេសប៊ុកផេកចំនួន ១ (https://www.facebook.com/sopheaktraofficialpage/) ព្រមទាំង គណនីអ៊ីនស្តាក្រាមចំនួន ១ (https://instagram.com/thay.sopheaktra?igshid=YmMyMTA2M2Y=) ប៉ុណ្ណោះ ក្រៅពីនេះ លោកសុំមិនទទួលខុសត្រូវឡើយ៕