គំនិតអវិជ្ជមាន ៥ លើកម្ពុជា ប្តីប្រពន្ធបរទេសមួយគូថាជារឿងកុហកទំាងស្រុង ក្រោយពេលបានមកលេងខ្លួនឯងផ្ទាល់
មួយរយៈក្រោយនេះ មានទេសចរបរទេសជាច្រើនបានធ្វើវីដេអូលើកឡើងអំពីរឿងមិនពិតទាក់ទងនឹងពាក្យចចាមអារ៉ាម ដែលថាកម្ពុជាមិនល្អ មិនមានសុវត្ថិភាព និង គួរឱ្យខ្លាចជាដើម។ ជាក់ស្តែង ដូចជាប្តីប្រពន្ធមួយគូ ដែលប្រើគណនី Tik Tok ឈ្មោះថា Victoria_sserg មាន Followers ដល់ទៅ 119.9 K និង Likes ដល់ទៅ 3M ពួកគេបានធ្វើវីដេអូមួយលើកឡើងពី Stereotype ឬគំនិតអវិជ្ជមាន ៥ ទៅលើប្រទេសកម្ពុជា បន្ទាប់ពីពួកគេបានរកឃើញការពិត ក្រោយពេលបានដើរកម្សាន្តលើទឹកដីកម្ពុជាផ្ទាល់។
គំនិតអវិជ្ជមានទាំង ៥ នោះ ពួកគេបានរៀបរាប់ជាភាសាអង់គ្លេស ដោយយើងបកប្រែដូចខាងក្រោម៖
១. ទីនេះមិនមានសុវត្ថិភាព
និយាយដោយស្មោះត្រង់ ខ្ញុំមិនដឹងថាគំនិតអវិជ្ជមាននេះមកពីណា ហើយអ្នកណាជាអ្នកចែកចាយវា ប៉ុន្តែកម្ពុជាជាប្រទេសមួយដែលសុវត្ថិភាពបំផុតនៅអាស៊ី។ យើងបានដើរនៅពេលយប់ ជិះកង់ទៅកន្លែងនានា និង ជួបអ្នកក្នុងស្រុក ហើយវាពិតជាសុវត្ថិភាព ១០០%។ យើងបានជួបបុរសម្នាក់មកពីអឺរ៉ុប ដែលគាត់បានរស់នៅកម្ពុជាអស់រយៈពេល ៨ ឆ្នាំ ហើយគាត់ក៏យល់ស្របថា គាត់ពិតជាភ្ញាក់ផ្អើលដែលទីនេះពិតជាសុវត្ថិភាព។ គាត់និយាយដែរថា មានតែនៅកម្ពុជាប៉ុណ្ណោះដែលមនុស្សស្រីដើរចេញពីក្លឹបតែម្នាក់ឯង ហើយគ្មាននរណាម្នាក់និយាយជាមួយនាង។
២. ការបោកប្រាស់មានគ្រប់កន្លែង
ខ្ញុំកាន់តែមិនយល់ថា គំនិតអវិជ្ជមាននេះចេញមកពីណាកើត។ ខ្ញុំយល់ តម្លៃខ្ពស់នៅក្នុងតំបន់ទេសចរណ៍ជារឿងធម្មតា ជាក់ស្តែងតម្លៃតាក់ស៊ីហៅតាមផ្លូវ វានឹងខ្ពស់ជាងការហៅតាម App ដែលវាដូចគ្នាគ្រប់កន្លែងនៅលើពិភពលោក។ តែអ្វីដែលភ្ញាក់ផ្អើល ទីនេះគ្មាននរណាម្នាក់និយាយពីតម្លៃថ្លៃឡើយ អាចថាតាក់ស៊ីដែលហៅតាមផ្លូវថ្លៃជាង ២ ដុល្លារ ឬ ១ ដុល្លារប៉ុណ្ណោះ។ ម្ហូបអាហារមានតម្លៃចាប់ពី ១ ដុល្លារ ដល់ ១០ ដុល្លារ អាស្រ័យទៅតាមកន្លែងដែលអ្នកចូល។ កន្លែងម៉ាស្សាមួយផ្តល់សេវាកម្មត្រឹមតែ ៤ ដុល្លារ ខណៈកន្លែងម៉ាស្សាផ្សេងទៀតតែ ៦ ដុល្លារ។ អីចឹង តើពួកគេហៅថាបោកប្រាស់យ៉ាងម៉េចកើត? ដូច្នេះ បើធ្វើដំណើរប្រើ Grab បើចង់ញុំាអីឆែកតម្លៃមុនពេលទៅ រួចប្រៀបធៀបគ្នា ងាយៗរួចជាស្រេច។
៣. គ្មានហេដ្ឋារចនាសម្ព័ន្ធ គ្មានអ៊ីនធ័រណែត គ្មានមធ្យោបាយដឹកជញ្ជូន
ខ្ញុំនឹងនិយាយថា វាជាការកុហកចំពោះគំនិតអវិជ្ជមាននេះ។ នៅក្នុងទីក្រុងដ៏ធំ មានព្រលានយន្តហោះ មានឡានក្រុង ឡានក្រុងពេលយប់មានកន្លែងគេង អាចធ្វើដំណើរពីទីក្រុងបានយ៉ាងងាយ។ Grab ប្រើល្អបំផុត អ្នកអាចហៅ TukTuk ចំណាយតែ ១ ដុល្លារធ្វើដំណើរបានឆ្ងាយល្អ។ ចំពោះសណ្ឋាគារ និង ភោជនីយដ្ឋាន ដូចខ្ញុំបាននិយាយមុននេះ តែលំដាប់សណ្ឋាគារនៅកម្ពុជាស្រដៀងគ្នាទៅនឹងសណ្ឋាគារនៅបាលីដែរ គុណភាពល្អ ការឌីហ្សាញប្លែក សូម្បីតែការរចនាផ្នែកខាងក្នុងក៏លម្អិតល្អ។ អ្នកមិនចាំបាច់ចំណាយដល់ ១០០ ដុល្លារ អាចជាមធ្យមត្រឹមតែពី ២៥-៣០ ដុល្លារ។ បើសម្រាប់ភោជនីយដ្ឋាន ពិតជាអស្ចារ្យក្នុងការរៀបចំម្ហូបពីប្រទេសដទៃ ក៏ដូចជាម្ហូបក្នុងស្រុក។ ជម្រើសអាហារច្រើន និង រសជាតិឆ្ងាញ់។ យើងទាំងពីរនាក់ទទួលស្គាល់ថា ភីហ្សា ឆ្ងាញ់បំផុតដែលយើងបានភ្លក់នៅក្នុងជីវិត គឺនៅខេត្តសៀមរាប។ សម្រាប់អ៊ីនធ័រណែតវិញ អំឡុងយើងស្នាក់នៅភ្នំពេញ និង សៀមរាបពិតជាដើរលឿន។ បើអ្នកស្នាក់នៅលើកោះ អ៊ីនធ័រណែតអាចនឹងមិនល្អ ១០០% តែអ្នកអាចទិញស៊ីមទូរស័ព្ទ រួចប្រើអ៊ីនធ័រណែតពីទូរស័ព្ទជាការស្រេច។
៤. កម្ពុជាមិនស្អាត
ជាថ្មីម្តងទៀត ខ្ញុំមិនដឹងថាចង្កោមមនុស្សទំាងនោះនិយាយបានយ៉ាងម៉េច។ អាចថាមកពីពួកគេ មិនទាន់បានឃើញ ៨០ % ទៀតនៃពិភពលោក។ ខ្ញុំថាកម្ពុជាជាប្រទេសមួយដែលស្អាតបំផុតនៅអាស៊ី។ នៅទីតាំងប្រាសាទ តំបន់ទេសចរណ៍ និង កន្លែងទាក់ទាញជាច្រើនសុទ្ធតែស្អាត គ្មានសំរាម។ ទីក្រុង ផ្លូវ ភូមិ ដែលពួកយើងបានទៅដល់ក៏សុទ្ធតែស្អាតផងដែរ។ រាប់បញ្ចូលទាំងឡានក្រុងតូចធំទៀតផង។ ជារួមគំនិតមួយនេះ ខ្ញុំសូមនិយាយថាវាជាការកុហកទាំងស្រុង។
៥. មិនមានថ្នាំពេទ្យ
ឱសថស្ថានមាននៅគ្រប់ជំហាន ហើយកន្លែងនីមួយៗមានគ្រប់លំដាប់តាំងពីតម្លៃថ្លៃរហូតដល់ថោក។ ឧទាហរណ៍ដូចជានៅ U-Care មានគ្រប់ប្រភេទថ្នាំ និង ផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទម៉ាក។ លើសពីនេះ ថ្នាំអង់ទីប៊ីយោទិកឬថ្នាំផ្សះអាចទិញបានដោយគ្មានវេជ្ជបញ្ជា។ មានម៉ាកថ្នាំជាច្រើនរាប់តាំងពីក្នុងស្រុក មកពីអឺរ៉ុប និង អាមេរិក។ សូម្បីតែផលិតផលសម្អាតក្រចក និង ថែសម្រស់ក៏មាននៅកន្លែងតែមួយផងដែរ៕