ប្រុងប្រៀប! ព្យុះ ២ ជួបគ្នា ឈ្មោះ «ត្រាមី» និង «កងរី» មានឥទ្ធិពលលើកម្ពុជា អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃនេះ
នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៤ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យបានដឹងថា ព្យុះទី ២០ ឈ្មោះត្រាមី (Trami) និង ព្យុះទី ២១ ឈ្មោះកងរី (Kong-rey) មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និង គ្របដណ្តប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ និង លើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ មានលក្ខណៈដូចតទៅ ៖
១. តំបន់វាលទំនាប
– សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសពាយ័ព្យ និង បស្ចិម មានល្បឿនមធ្យម ៥,៥ ម៉ែត្រ/វិនាទី។ ខេត្តបាត់ដំបង ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង តាកែវ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសពាយ័ព្យ និង បស្ចិម មានល្បឿនមធ្យម ៦,៥ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសពាយ័ព្យមានល្បឿនមធ្យម ៥,៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១០%។
– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,២៥ ម៉ែត្រ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖