លុយលាភសំណាង! រើសបាន ២០ ដុល្លារក៏យកទៅទិញឆ្នោត មានអីសំណាងដល់ឈ្នះបាន ១ លានដុល្លារ
បុរសម្នាក់ឈ្មោះ Jerry Hicks ជាអ្នកក្រុង Banner Elk រដ្ឋ North Carolina សហរដ្ឋអាមេរិក បានរើសបានលុយចំនួន ២០ ដុល្លារនៅខាងក្រៅផ្សារ Speedway កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ ក្រោយរើសបានភ្លាម លោកក៏យកលុយនោះដើរចូលផ្សារវិញដោយបន្ថែមលុយ ៥ ដុល្លារទៀតទិញឆ្នោតកោស Extreme Cash មួយសន្លឹកដែលមានតម្លៃ ២៥ ដុល្លារ។
ដោយបុណ្យសំណាងដល់ ឬក៏លុយរើសបាននោះនាំលាភធំឱ្យលោក ឆ្នោតដែលទិញនោះគឺលោកបានឈ្នះទឹកប្រាក់ធំបំផុតចំនួន ១ លានដុល្លារ ដែលជាហេតុធ្វើឱ្យលោកមានភាពរំភើបរីករាយជាខ្លាំង។ លោក Hicks បានរៀបរាប់ពេលទៅទទួលប្រាក់ឈ្នះឆ្នោតកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅថា៖ «ខ្ញុំអត់មានគម្រោងទិញឆ្នោតនេះទេ ប៉ុន្តែនៅផ្សារនោះអត់មានប្រភេទឆ្នោតដែលខ្ញុំចង់ទិញ ដូច្នេះខ្ញុំក៏ទិញឆ្នោត Extreme Cash នេះតែម្ដងទៅ»។
លោក Hicks បានទៅទទួលលុយដែលឈ្នះឆ្នោតនៅការិយាល័យកណ្ដាល Northern California Education Lottery។ លោកសម្រេចដកប្រាក់ចំនួន ៦០ ម៉ឺនដុល្លារ ជាជាងទទួលបានប្រាក់រង្វាន់ប្រចាំឆ្នាំ ៥ ម៉ឺនដុល្លារម្ដងក្នុងរយៈពេល ២០ ឆ្នាំ។ ទឹកប្រាក់ដែលលោកទទួលបានគឺចំនួន ៤២៩ ០០៧ ដុល្លារ ក្រោយកាត់ពន្ធរួចរាល់។
លោក Hicks គ្រោងនាំក្រុមគ្រួសារចេញញ៉ាំអាហារពេលល្ងាចជុំគ្នាដើម្បីជប់លៀងអបអរការឈ្នះលាភរង្វាន់ធំមហាសាលនេះ។ លោកក៏មានគម្រោងលាឈប់ពីការងារជាជាងឈើផងដែរក្រោយឈ្នះឆ្នោត ហើយប្រើប្រាស់លុយដែលឈ្នះទាំងនោះទៅចិញ្ចឹមកូនៗរបស់លោក៕