កូនម្ដាយ! នៅច្រមក់ៗសោះ តែរាយមន្តស្នេហ៍រហូតមិត្តភក្ដិប្រុសនៅសាលាលួចដុំមាសម៉ែពីផ្ទះជូនជាកាដូបញ្ចាំចិត្ត
សារព័ត៌មាន Suho បានរាយការណ៍ពីរឿងរ៉ាវរបស់ក្មេងស្រីម្នាក់ ដែលមានមិត្តភក្តិប្រុសនៅសាលារៀនឱ្យកាដូជាដុំមាសសុទ្ធតម្លៃរាប់ម៉ឺនដុល្លារ ធ្វើឱ្យម្តាយនាងភ្ញាក់ផ្អើលញ័រដៃញ័រជើង។
តាមព័ត៌មានបានឱ្យដឹងថា ថ្ងៃមួយខណៈដែលក្មេងស្រីរូបនេះមកពីរៀនវិញ នាងក៏មកអង្គុយឱបប្រអប់ពណ៌ក្រហមមួយតែឯងនៅលើសាឡុងក្នុងផ្ទះ ធ្វើឱ្យស្រ្តីជាម្តាយកើតការងឿងឆ្ងល់ ហើយក៏បានសុំកូនមើលប្រអប់នោះ ប៉ុន្តែនាងមិនព្រមឱ្យមើលឡើយ ដោយនាងប្រាប់ថាជាកាដូដែលមិត្តភក្តិប្រុសនៅសាលារៀនរបស់នាងបានឱ្យ។
ហេតុតែចង់ដឹង ម្តាយក៏បានព្យាយាមលួងលោមកូនស្រីរហូតដល់នាងព្រមឱ្យមើល ហើយគ្រាន់តែបើកប្រអប់នោះភ្លាម ស្រ្តីជាម្តាយពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះវាគឺជាមាសសុទ្ធចំនួន ២ ដុំ ដែលមានតម្លៃរហូតដល់រាប់ម៉ឺនដុល្លារឯណោះ។ ម្តាយក៏បានប្រញាប់ទាក់ទងទៅខាងឪពុកម្តាយរបស់ក្មេងប្រុសនោះ ទើបដឹងថា ដុំមាសទាំងនេះ គឺគេទុកសម្រាប់កូនប្រសាស្រីនៅថ្ងៃអនាគត តែមិនដឹងថាកូនប្រុសជើងល្អបានលួចយកទៅឱ្យមិត្តភក្តិស្រីតាំងពីពេលណា។
លើសពីនេះទៅទៀត ខាងឪពុកម្តាយរបស់ក្មេងប្រុស ក៏ចង់ឱ្យខាងម្តាយក្មេងស្រីទទួលមាសនេះទុកទៀត តែអ្នកនាងបានប្រកែកថាមិនទទួលឡើយ៕
ប្រភព៖ Sanook