មិនជឿកុំប្រមាថ! ៥ ទីតាំងនៅក្នុងផ្ទះ តាមក្បួនហុងស៊ុយគឺហាមមិនឱ្យតាំងនាឡិកាដាច់ខាត
តាមក្បួនហុងស៊ុយ ការព្យួរនាឡិកានៅក្នុងទីតាំងមិនសមរម្យ វាអាចបណ្តាលឱ្យប៉ះពាល់ដល់ថាមពលនៅក្នុងផ្ទះ ជាពិសេសគឺប៉ះពាល់ទៅដល់អារម្មណ៍របស់សមាជិកក្នុងគ្រួសារ ក៏ដូចជាទ្រព្យសម្បត្តិផងដែរ។ ក្នុងនោះ មានកន្លែងចំនួន ៥ នៅក្នុងផ្ទះ ដែលក្បួនហុងស៊ុយបានហាមមិនឱ្យព្យួរនាឡិកា។
១. ព្យួរនាឡិកានៅលើក្បាលដំណេក
ក្បាលដំណេកមិនមែនជាកន្លែងត្រឹមត្រូវសម្រាប់ព្យួរ ឬតាំងនាឡិកាទេ ព្រោះវានឹងនាំឱ្យមានការថប់អារម្មណ៍ និង មានអារម្មណ៍វិលវល់ ជួនកាលក៏ធ្វើឱ្យគេងមិនលក់ ព្រោះមាននាឡិកាខ្លះមានសំឡេងរំខាន។
២. ព្យួរនាឡិកាទល់មុខទ្វារផ្ទះ
បើតាមក្បួនហុងស៊ុយការព្យួរនាឡិកាទល់មុខទ្វារផ្ទះ ឬ ទ្វារបន្ទប់ផ្សេងៗវាមិនល្អទេ ព្រោះកញ្ចក់នាឡិកាដ៏ដើរដូចកញ្ចក់ធម្មតាដែរ ដោយវានឹងរំខានដល់ថាមពលល្អដែលហូរចូលផ្ទះ បង្កឱ្យភាពចលាចល ជាពិសេសគឺហាក់ដូចជាការរារាំងថាមពលល្អមិនឱ្យហូរចូលបានពេញលេញផងដែរ។
៣. ព្យួរនាឡិកានៅជិតបង្អួច
ការព្យួរនាឡិកានៅជិតបង្អួច វាហាក់ដូចជាពេលវេលាដើរទៅមុខកាន់តែលឿន ដែលវាធ្វើឱ្យមនុស្សមានអារម្មណ៍ច្របូកច្របល់ ព្រួយបារម្ភ និង ធ្លាក់ទឹកចិត្ត។
៤. ព្យួរនាឡិកាក្នុងផ្ទះបាយ
ផ្ទះបាយ គឺជាកន្លែងសម្រាប់ញ៉ាំអាហារ លម្ហែអារម្មណ៍ជាមួយគ្រួសារ បើសិនជាព្យួរនាឡិកានៅទីនោះ វាហាក់ដូចជាការរុញច្រានឱ្យពេលវេលាកាន់តែដើរលឿន ដែលនាំឱ្យកាត់បន្ថយក្តីសុខរវាងសមាជិកគ្រួសារ។
៥. ព្យួរនាឡិកាខ្ពស់ពេក ឬ ទាបពេក
ការព្យួរនាឡិកាខ្ពស់ ឬ ទាបពេក វាមិនត្រឹមតែធ្វើឱ្យពិបាកមើលពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ហុងស៊ុយផងដែរ។ ដូច្នេះការជ្រើសរើសទីតាំងសម្រាប់ព្យួរនាឡិកាគឺមានសារសំខាន់ណាស់ អ្នកគួរតែជ្រើសរើសទីតាំងសមស្របអាចមើលឃើញយ៉ាងច្បាស់ និង មិនខ្ពស់ ឬ ទាបពេក ដើម្បីឱ្យថាមពលនៅក្នុងផ្ទះអាចហូរចូលប្រកបដោយតុល្យភាព៕
ប្រភព៖ Sanook