តស់ អ្នកអត់ទាន់បានមើលកាំជ្រួច! ប៉ុន្មានថ្ងៃទៀត មុខព្រះបរមរាជវាំង មានអុជកាំជ្រួច ២ ថ្ងៃនៅម៉ោង ៧ យប់
នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ នេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញផែនការណែនាំ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ ២០២៤។
តាមរយៈផែនការណែនាំ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំដល់ក្រសួងការពារជាតិ ត្រូវរៀបចំកម្មវិធីដោយឡែក ក្នុងការប្រារព្ធខួបលើកទី ៧១ ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីតាំងសមស្របណាមួយ ព្រមទាំងចាត់កម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមតាមផែននៅវិមានឯករាជ្យ ក្នុងព្រះរាជពិធីប្រទាន ភ្លើងជ័យ និង ព្រះរាជពិធីពន្លត់ភ្លើងជ័យ ព្រមទាំងរៀបចំការអុជកាំជ្រួចរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៩ និងថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ១៩:០០ នាទីយប់ នៅមុខព្រះបរមរាជវាំង។
សូមបញ្ជាក់ផងដែរថា ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ និង ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ៩-១០ និង ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដើម្បីសម្តែងនូវទឹកចិត្តសោមនស្សរីករាយអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំង នាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ នូវឯករាជ្យជាតិដ៏ពេញបរិបូរណ៍ ក្រោមព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាតិដ៏ឧត្តុង្គឧត្តម នៃព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖