ស៊យមើលមិនឃើញមែន! អង្គុយផឹកតែលម្ហែអារម្មណ៍សុខៗ ធាងដូងធ្លាក់ចំពីលើរបួសដេកពេទ្យជិត ១ ខែ
បុរសម្នាក់ក្នុងប្រទេសចិន ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមជាបន្ទាន់ ក្រោយរងរបួសធ្ងន់ធ្ងរដោយសារតែត្រូវធាងដូងយ៉ាងធំធ្លាក់ចំពីលើពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ដ៏ចៃដន្យនេះ កើតឡើងនៅតូបលក់តែមួយកន្លែងនាក្រុង Jieyang ខេត្ត Guangdong ប្រទេសចិន ដោយបុរសរងគ្រោះត្រូវបានស្គាល់ឈ្មោះថា Liu ហើយនៅថ្ងៃកើតហេតុរូបលោកកំពុងអង្គុយផឹកទឹកតែនៅតុខាងក្រៅហាង។ ខណៈអង្គុយផឹកទឹកតែសុខៗនោះក៏ស្រាប់តែមានធាងដូងយ៉ាងធំមួយធ្លាក់ចំពីលើលោកយ៉ាងពេញទំហឹងរហូតធ្វើឱ្យលោកសន្លប់បាត់ស្មារតីនៅនឹងកន្លែង។
លោក Liu ត្រូវបានអ្នកជិតខាងបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ដល់មន្ទីរពេទ្យក្រោយគ្រូពេទ្យពិនិត្យរួចបានរកឃើញថា លោកបានរលាកតម្រងនោមផ្នែកខាងឆ្វេង មានឈាមកកនៅក្រោមជាលិការុំព័ទ្ធតម្រងនោម និង ប្រេះឆ្អឹងខ្នង។ គ្រោះថ្នាក់ដោយចៃដន្យនេះដែរបានធ្វើឱ្យលោក Liu ត្រូវដេកពេទ្យអស់ជាច្រើនថ្ងៃ និង មិនអាចងើបធ្វើបំពេញការងារខ្លួនឯងបានរយៈពេលជិតមួយខែដែលគ្រោះថ្នាក់នេះបានប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់លោកជាខ្លាំង។
លោក Liu ក្រោយមកបានទាក់ទងទៅខាងម្ចាស់ដើមដូងដើម្បីសុំប្រាក់សំណង ហើយក្រោយចរចាគ្នាខាងម្ចាស់ដើមដូងក៏បានយល់ព្រមសងលោកចំនួន ២២ ០០០ យ័ន (ប្រមាណ ៣០៩០ ដុល្លារ)៕
ប្រភព៖ Kenh14