មិនមែនចេះតែនិពន្ធទេ! រឿង «កូនប្រសាស្រី» សរសេរពីខ្សែជីវិតពិតរបស់លោកជំទាវឧកញ៉ាដ៏មានឥទ្ធិពលនាពេលបច្ចុប្បន្នមួយរូប
រយៈពេលប៉ុន្មានថ្ងៃមកនេះ ខ្សែភាពយន្តភាគទូរទស្សន៍រឿង «កូនប្រសាស្រី» ដែលបានចាក់បញ្ចាំងកាលពីអំឡុងឆ្នាំ ២០០៦ កន្លងទៅ កំពុងផ្ទុះគាំទ្រ និង ទស្សនាជាថ្មី ក្រោយពីអ្នកនិពន្ធអ្នកស្រី ពាន់ ភួងបុប្ឋា បានបង្ហោះសាច់រឿងជាថ្មីនៅលើ Channel Youtube របស់អ្នកស្រី។
ក្នុងនោះ ខ្សែភាពយន្តភាគខាងលើ ត្រូវបានអ្នកទស្សនាជំនាន់មុន និង ជំនាន់ក្រោយផ្ទុះការវែកញែកពីសាច់រឿងជាហូរហែ ដោយលើកឡើងពីជីវិតដ៏កម្សត់របស់តួឯកស្រី នាង សុភា ដែលសម្តែងដោយតារាស្រី នី មុល្លីកា។
យ៉ាងណាមិញ ស្របពេលខ្សែភាពយន្តភាគទូរទស្សន៍រឿង «កូនប្រសាស្រី» ត្រូវបានផ្ទុះការចែករំលែកហើយនោះ ថ្មីៗនេះ តាមរយៈគណនីហ្វេសប៊ុក លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានបង្ហោះសារទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយលោកជំទាវបានឱ្យដឹងថារឿង «កូនប្រសាស្រី» គឺជារឿងពិតរបស់លោកជំទាវឧកញ៉ាមួយរូប។
ក្នុងនោះ លោកជំទាវ ឡងឌី សាន់ណារ៉ា បានមានប្រសាសន៍ថា៖ «ក្រោយរឿង កូនប្រសាស្រី មានការគាំទ្រសាជាថ្មី តើបងប្អូនមានដឹងដែរទេថា នេះជាប្រវត្តិខ្សែជីវិតពិតរបស់លោកជំទាវ លឹម ឈីវហូ ក៏ជាម្ចាស់ស្ថាបនិកក្រុមហ៊ុនដ៏ធំនៅប្រទេសកម្ពុជា គឺក្រុមហ៊ុន Attwood ដែលមានខ្ទង់ពាន់លានដុល្លារ ដោយក្នុងរឿងនោះបានរៀបរាប់ពីជីវិតពិតរបស់លោកជំទាវ ដែលសម្តែងដោយអ្នកនាង មុល្លីកា ដឹកនាំ និងនិពន្ធដោយអ្នកស្រី ពាន់ ភួងបុប្ផា»៕