ចូលខែ ១១ ហើយ ភ្នំ Fuji នៅមិនទាន់មានព្រិលធ្លាក់លើកំពូលភ្នំ មហាជនកំពុងបារម្ភថាជាហេតុកម្របំផុតក្នុងរយៈ ១៣០ ឆ្នាំ
ភ្នំ Fuji គឺជាភ្នំមួយរបស់ប្រទេសជប៉ុន ដែលមានអ្នកទេចរចេញចូលទស្សនាមិនដាច់ ព្រោះតែមានទេសភាពស្រស់ស្អាត ដោយជាភ្នំធំខ្ពស់ដែលព្រិលសក្បុសនៅលើកំពូល ប៉ុន្តែពេលនេះភ្នំ Fuji កំពុងតែធ្វើឱ្យមហាជនបារម្ភ ព្រោះតែរដូវនេះហើយ ព្រិលនៅមិនទាន់ធ្លាក់នៅលើកំពូលនៅឡើយ។
តាមព័ត៌មានបានឱ្យដឹងថា តាមធម្មតាព្រិលនឹងចាប់ផ្តើមធ្លាក់នៅលើកំពូលភ្នំ Fuji តាំងតែពីថ្ងៃទី ២ ខែតុលាមកម្ល៉េះ តែមកទល់ពេលនេះគេមិនទាន់ឃើញមានព្រិលធ្លាក់នៅលើកំពូលភ្នំនៅឡើយទេ ដែលនេះចាត់ទុកថាជាការធ្លាក់ព្រិលដ៏យឺតបំផុតរបស់ភ្នំ Fuji ដោយហេតុការណ៍នេះធ្លាប់កើតឡើងដំបូងតាំងពី ១៣០ ឆ្នាំមុន ចំណែកលើកទីពីរគឺនៅក្នុងឆ្នាំ ១៩៥៥ និង លើកទីបីនៅក្នុងឆ្នាំ ២០១៦។
យ៉ាងណាមិញ គេរំពឹងថាព្រិលនឹងចាប់ផ្តើមធ្លាក់នៅលើកំពូលភ្នំ Fuji នៅថ្ងៃទី ៧ ខែវិច្ឆិកាខាងមុខនេះ។ ដោយឡែក លោក Yutaka Katsuta អ្នកព្យាករណ៍អាកាសធាតុមកពីការិយាល័យឧតុនិយមទីក្រុង Kofu បានឱ្យដឹងថា ដោយសារតែការផ្លាស់ប្តូរអាកាសធាតុ និង ការឡើងកម្តៅ ទើបធ្វើឱ្យខ្យល់មិនបក់យកព្រិលមកជាមួយ នេះអាចជាមូលហេតុដែលធ្វើឱ្យព្រិលធ្លាក់នៅលើកំពូលភ្នំ Fuji យឺតយ៉ាងនេះ៕
ប្រភព៖ Khaosod