ធូរចិត្ត! ចាប់ពីថ្ងៃទី ៤ ខែវិច្ឆិកា គ្រូចិនសែម៉ុង ថា ឆ្នាំ ៤ នេះ រួចផុតពីដែនថាមពលឆុងរបស់ឆ្នាំ ២០២៤ ហើយ
គិតត្រឹមថ្ងៃ ០២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ គឺសល់ពេលប្រមាណជិត ២ ខែ ទៀតប៉ុណ្ណោះ នឹងឈានចូលមកដល់ឆ្នាំថ្មី ឆ្នាំ ២០២៥។
កៀកនឹងឆ្នាំថ្មីខិតជិតមកដល់នេះដែរ នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោកគ្រូចិនសែ ម៉ុង ដែលគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាពមួយរូប បានចែករំលែកឱ្យបានដឹងថា ឆ្នាំឆុងក្នុងឆ្នាំ ២០២៤ មាន ឆ្នាំច ឆ្នាំរោង ឆ្នាំឆ្លូវ និង ឆ្នាំថោះ ចាប់ពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ គឺរួចផុតពីដែនថាមពលឆុងរបស់ឆ្នាំ ២០២៤ ហើយ។
លោកគ្រូបានបន្តឱ្យដឹងទៀតថា សូមអ្នកឆ្នាំទាំង ៤ ប្រើប្រាស់ពេលវេលាចុងឆ្នាំ ចំនួន ២ ខែនេះ ដើម្បីដោះស្រាយបញ្ហានានាដែលបានកើតមានក្នុងឆ្នាំចាស់នេះឱ្យអស់ មុនពេលដែលឆ្នាំថ្មីចូលមកដល់ ព្រោះថាបើអ្នកនាំយកបញ្ហាឆ្នាំចាស់ទៅកាន់ឆ្នាំថ្មីនោះ អ្នកប្រាកដជាខាតពេលវេលាហេងរបស់អ្នកជាមិនខាន ជាពិសេសអ្នកឆ្នាំច គួររៀបចំផែនការជីវិតសម្រាប់ឆ្នាំ ២០២៥ នោះឱ្យបានល្អបំផុត។
លោកគ្រូចិនសែម៉ុងបានបន្ថែមថា សម្រាប់អ្នកឆ្នាំរោង នៅសល់ចំហាយឆុងប្រហែលជា ២៥% ក្នុងឆ្នាំ ២០២៥ តែការឆុងនេះ គឺកើតមានចំពោះអ្នកឆ្នាំរោង ដែលមានចិត្តមិនល្អ ចិត្តមិនសច្ចៈ ចិត្តខ្មៅ តែប៉ុណ្ណោះ រីឯអ្នកដែលមានចិត្តបុណ្យ គោរពមេឃដី គឺមិនឆុងនោះទេ៕