ល្បីថាបងថ្លៃស្រី ៤ ប្រភេទនេះសុទ្ធតែខ្លាំងប៉ះមិនបាន តែបើប៉ះប្អូនថ្លៃសម័យនេះ មិនស្រួលខ្លោចវិញ
ក្រោយរៀបការ ការប្រឈមជាមួយគ្រួសារសាច់ថ្លៃ អាចជារឿងមួយតឹងចិត្តបន្តិច ដែលតម្រូវឱ្យកូនប្រសាគ្រប់រូប ព្យាយាមស្វែងយល់ និង រៀនចុះសម្រុងជាមួយពួកគេ។ យ៉ាងណាមិញ ករណីមួយចំនួនមានបងថ្លៃជាមនុស្សចិត្តចង្អៀត ចូលចិត្តជ្រៀតជ្រែកក្នុងជីវិតប្តីប្រពន្ធគេ រហូតបង្កក្តីក្តាំងប៉ះពាល់ដល់ទំនាក់ទំនងទៀតផង។ យើងសូមលើកពីបងថ្លៃ ៤ ប្រភេទ ល្បីថាសុទ្ធតែខ្លាំង ប៉ះមិនបាន តែបើប៉ះប្អូនថ្លៃសម័យនេះ មិនស្រួលអាចខ្លោចវិញក៏ថាបាន។
១. បងថ្លៃចូលចិត្តជ្រៀតជ្រែក
បងថ្លៃប្រភេទនេះមានទំនោរបញ្ចូលខ្លួនទៅគ្រប់ផ្នែកទាំងអស់នៃទំនាក់ទំនងប្តីប្រពន្ធរបស់ប្អូនបង្កើត។ គេចូលចិត្តការពារ និង គិតអ្វីដែលជាប្រយោជន៍របស់ប្អូនគេ។ គេគិតថាខ្លួនគេមានសិទ្ធិក្នុងការផ្តល់ដំបូន្មាន បង្កើតការសម្រេចចិត្តជំនួស ទាំងដែលសាមីខ្លួនមិនបានទាមទារ ឬសុំជំនួយ។ ការចេះដឹងឮរឿងឯកជន ក៏ដូចជាបង្ហាញអារម្មណ៍ម្ចាស់ការហួសហេតុនេះ អាចបង្កឱ្យទំនាក់ទំនងប្តីប្រពន្ធងាយប្រឈមជម្លោះ។
២. ប្រកួតប្រជែងជាមួយប្អូនថ្លៃ
នេះជាបងថ្លៃដែលឃើញអ្នកជាគូប្រកួតប្រជែងទៅលើការយកចិត្តទុកដាក់ និង ផ្តល់ក្តីស្រលាញ់ចំពោះប្អូនបង្កើតរបស់គេ។ បងថ្លៃនេះនឹងព្យាយាមរិះរកវិធីធ្វើឱ្យអ្នកធ្លាក់ចុះ ហើយខ្លួនគេនឹងក្លាយជាមនុស្សដែលអស្ចារ្យបំផុតសម្រាប់ប្អូនបង្កើត។ តម្រូវការរបស់គេគឺដើម្បីបញ្ជាក់ជំហរក្នុងគ្រួសារថា គេជាបងស្រីដែលផ្តល់ក្តីស្រលាញ់ខ្លាំងដល់ប្អូន គ្មាននរណាម្នាក់អាចមកប្រៀបបានឡើយ។
៣. និយាយដើមប្អូនថ្លៃ
បងថ្លៃប្រភេទនេះចូលចិត្តនិយាយដើមឬចែកចាយព័ត៌មានគ្រួសាររបស់អ្នក ដោយមិនគិតពីឯកជនភាព ជួននិយាយថែមរបោយ ដាក់ប៊ីចេង ស្ករផងដែរ។ គេអាចនិយាយអំពីរឿងផ្ទាល់ខ្លួនអ្នក ឬពិភាក្សាបញ្ហារបស់ប្តីប្រពន្ធអ្នកជាមួយអ្នកដទៃ ដែលអាចធ្វើឱ្យប្តីប្រពន្ធមានសម្ពាធ និង មិនស្រណុកចិត្តនៅពេលមានការជួបជុំណាមួយ។
៤. ច្រណែនមិនចេះចប់
គេមានតែត្រេកអរនៅពេលឃើញប្អូនបង្កើតរបស់ខ្លួនចេះស្រលាញ់ប្រពន្ធ ចេះផ្តល់ក្តីសុខឱ្យប្រពន្ធ តែបងថ្លៃប្រភេទនេះឱ្យតែឃើញប្អូនឱ្យអ្វីមួយទៅប្រពន្ធ មិនថាកាដូឬភាពកក់ក្តៅ គឺដឹងតែមិនសប្បាយចិត្ត កើតក្តីច្រណែនជានិច្ច។ ពេលច្រណែន បងថ្លៃនេះចូលចិត្តនិយាយបញ្ឆិតបញ្ឆៀង ឌឺដង ពេលខ្លះបង្ហោះសារលើបណ្តាញសង្គមផ្លែផ្កាទៀតផង។ ទោះមិនបង្កជាបញ្ហាអ្វីធំដុំ ប៉ុន្តែវាអាចធ្វើឱ្យអ្នកដែលជាប្អូនថ្លៃមានអារម្មណ៍តានតឹង និង រងសម្ពាធ៕