អាជីវករខ្លោចចិត្តពេលឃើញទិដ្ឋភាពផ្សារបឹងឈូក បន្ទាប់ពីត្រូវអគ្គិភ័យឆាបឆេះយប់មិញ សល់តែធ្យូង
នៅយប់ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ១០ និង ៣៥ នាទីយប់ មានករណីអគ្គិភ័យកើតឡើងនៅចំណុចផ្សារបឹងឈូក ស្ថិតក្នុងក្រុមទី ៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈចំណុចឆាបឆេះដំបូងនៅជាន់ទី ០១ (ជាន់ខាងលើ) នៃអគារផ្សារបឹងឈូក ប្លុកតូបលក់ក្រណាត់ លក់ប៉ាក់ឌិន និង ជាងកាត់ដេរ។
ក្នុងប្រតិបត្តិការអគ្គិភ័យនេះ ក្រុមការងារបានអន្តរាគមន៍ និង ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋ ចំនួន ១១ គ្រឿង (ស្នងការនគរបាលខេត្ត ចំនួន ០៤ គ្រឿង និង អធិការដ្ឋាននគរបាលក្រុងស្រុក ចំនួន ០៧ គ្រឿង និង រថយន្តអគ្គិភ័យក្រុមហ៊ុនឯកជន ចំនួន ០២ គ្រឿង សរុប ១៣ គ្រឿង ព្រមទាំងប្រើប្រាស់ទឹកអស់ចំនួន ៥០ រថយន្តអគ្គិភ័យ រហូតដល់វេលាម៉ោង ០៣ និង ២០ នាទី ឈានចូលថ្ងៃចន្ទទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថានភាពនៃអគ្គិភ័យនេះ បានគ្រប់គ្រងបាញ់ទឹករលត់ទាំងស្រុង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ និង វាយតម្លៃចំពោះទំហំនៃការខូចខាត។
យ៉ាងណាមិញ បើងាកមកទស្សនាទិដ្ឋភាពផ្សារបឹងឈូកនៅព្រឹកនេះវិញ បន្ទាប់ពីត្រូវបានអគ្គិភ័យឆាបឆេះ កាលពីយប់ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ពិតជាអាណិតចំពោះបងប្អូនអាជីវករ ដោយសារអីវ៉ាន់ក្នុងតូចជាច្រើន ត្រូវបានអគ្គិភ័យលេបត្របាក់សល់តែធ្យូង និង ផេះអស់ទៅហើយ ៖
រូបភាព ៖ So Theara