អត់ពិបាកដើរសួរគេទៀត! ចង់ផ្ទេរកម្មសិទ្ធិរថយន្ត កាន់តែឯកសារ ៨ មុខនេះ អាចធ្វើបានហើយ
នាពេលថ្មីៗនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានចែករំលែកចំណេះដឹង ដោយបានឆ្លើយតបទៅនឹងសំណួរដែលត្រូវបានសួរច្រើនជាងគេប្រចាំខែតុលាថា ៖ «តើបែបបទនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តសម្រាប់ពលរដ្ឋខ្មែរ តម្រូវឱ្យមានឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?»។
ក្នុងនោះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឆ្លើយតបបំភ្លឺឱ្យបានដឹងថា ឯកសារតម្រូវសម្រាប់ផ្ទេរកម្មសិទ្ធិរថយន្តសម្រាប់ពលរដ្ឋខ្មែរ មានដូចជា ៖
១. ពាក្យសុំផ្ទេរកម្មសិទ្ធិ ដែលមានកាល់លេខតួ ឬ លេខសាក់ស៊ី (ដែលចម្លងជាក់ស្តែងពីយានយន្ត)
២. អត្តសញ្ញាណអ្នកលក់ និង អ្នកទិញ៖
*ពលរដ្ឋខ្មែរ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
៣. ក្នុងករណីអាសយដ្ឋានបច្ចប្បន្ន ខុសពីអាសយដ្ឋានដែលមាននៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។
៤. បណ្ណសម្គាល់យានជំនិះ (ច្បាប់ដើម) និង ផ្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្ត)
៥. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
៦. លិខិតលក់ទិញ ត្រូវធ្វើឡើងនៅទីតាំងផ្តល់សេវាសាធារណៈ និង ចំពោះមុខមន្រ្តីមានសមត្ថកិច្ចផ្ទេរកម្មសិទ្ធិ
៧. កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្លួនរស់នៅ (ករណីមិនមានម្ចាស់ដើម)
៨. បង្កាន់ដៃពន្ធផ្លូវ (ក្នុងពេលប្រមូលពន្ធមធ្យោបាយយានយន្ត)
ចំពោះកម្រៃសេវាមានដូចតទៅ៖
– ក្នុងរាជធានី-ខេត្ត ៤៨.០០០ រៀល
– ឆ្លងរាជធានី-ខេត្ត ១០១.០០០ រៀល
(មិនរួមបញ្ចូលនឹងពន្ធប្រថាប់ត្រា ៤% របស់អគ្គនាយកដ្ខានពន្ធដារ)។ ចំពោះព័ត៌មានលម្អិតបន្ថែមអាចទាក់ទងទៅកាន់លេខ៖ (Hotline) 1275៕
ប្រភព ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន