កង្រី ទៅផុត! កម្ពុជា ទទួលឥទ្ធិពលព្យុះទី ២២ ឈ្មោះ «យីនស៊ីង» អាចមានភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃនេះ
ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យបានដឹងថា ព្យុះទី ២២ ឈ្មោះ យិនស៊ីង (Yinxing) ដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និង គ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និង លើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ មានលក្ខណៈដូចតទៅ ៖
១. តំបន់វាលទំនាប
– សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និង បូព៌ មានល្បឿនមធ្យម ៤,៥ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥០%។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសឦសាន និង បូព៌ មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និង ជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣០%។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣១°C ។ ខ្យល់បក់មកពីទិសឦសាន និង អាគ្នេយ៍ មានល្បឿនមធ្យម ២,៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១៥%។
– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,២៥ ម៉ែត្រ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖