រកលុយបានតែមិនសល់ អាចពាក់ព័ន្ធមកពីលក្ខណៈផ្ទះ បើចង់លែងឱ្យមានបញ្ហាសាកកែដោយវិធីនេះ
ការប្រើប្រាស់ជីវិតប្រចាំថ្ងៃដោយផ្អែកទៅតាមការព្យាករណ៍ ការទាយមើលហុងស៊ុយទុកជាមុន ក៏ជាភាពជឿជាក់ខាងសតិអារម្មណ៍មួយផ្នែក ដែលធ្វើឱ្យយើងមានភាពស្វាហាប់ជាងមុនក្នុងការប្រកបកិច្ចការងារតូចធំ។ ការរស់នៅប្រចាំថ្ងៃក៏ដូចគ្នា បើយើងជឿទៅលើហុងស៊ុយដោយការគិតពិចារណា មិនជឿងប់ងុលពេក នោះក៏ជាផ្នែកមួយអាចជួយឱ្យយើងរកផ្លូវសមប្រកបតាមបុណ្យវាសនារៀងៗខ្លួន។
បច្ចុប្បន្នប្រិយមិត្តភាគច្រើនបានស្គាល់រួចមកហើយ អ្នកនាងគ្រូ ឡុង ណាលី ជាគ្រូហុងស៊ុយដ៏ល្បី ហើយអ្នកគ្រូក៏តែងចែករំលែកពីចំណេះដឹង ការឆុងផ្សេងៗសម្រាប់ឆ្នាំមួយចំនួនតាមថ្ងៃ តាមខែ ហើយអ្នកគ្រូ ក៏ឆ្លៀតបង្ហាញពីវិធីដោះស្រាយដើម្បីឱ្យអ្នកមានឆ្នាំឆុងនោះ មានរាសីល្អប្រសើរ អាចកាត់បន្ថយការឆុងពីច្រើនមកតិច តាមការជាក់ស្ដែង។
ថ្មីៗនេះ អ្នកគ្រូ ឡុង ណាលី បានចែករំលែកពីចំណេះដឹងថ្មីមួយទៀតនៅលើផេក Master Naly Fengshui បានប្រាប់ពីផ្ទះដែលជួបបញ្ហាហិរញ្ញវត្ថុក្នុងឆ្នាំ ២០២៤ នេះថា ៖ «ផ្ទះដែលមានបញ្ហាហិរញ្ញវត្ថុខ្លាំងក្នុងឆ្នាំនេះ គឺផ្ទះដែលមានមុំផតនៅទិសខាងជើង។ សម្រាប់ឆ្នាំ 2024 នេះ យើងអាចកែដោយការដាក់តាំងភ្លើង ញាក់ពណ៌ក្រហម នៅក្នុងថ្ងៃ និង ម៉ោងដែលល្អ»។
ក្នុងនោះអ្នកគ្រូដ៏បានបញ្ជាក់បន្ថែមទៀតថា ៖ «ផ្ទះដែលមានរូបរៀងផតចូលនៅទិសខាងជើង ដូចជាកន្លែងចតឡាន កន្លែងបាត់ជ្រុងនៃផ្ទះ គេហៅថាមុំផត» ឧទាហរណ៍ដូចជា បន្ទប់ទឹកនៅក្នុងបន្ទប់គេង ក៏ចាត់ទុកថាជាមុំផតដែរ ព្រោះធ្វើឱ្យបាត់ផ្ទៃនៃបន្ទប់គេង៕