ទៅសាកថ្មជីវិត ឈរមើលទេសភាពសមុទ្រលើផ្ទាំងថ្ម មានអីភ្លាត់ជើងធ្លាក់ចូលទៅក្នុងសមុទ្រ អណ្តែតត្រសែតជាង ២ ម៉ោង
មានហេតុការណ៍មួយដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនៅប្រទេសថៃ ដោយមានបុរសម្នាក់ទៅមើលទេសភាពសមុទ្រនៅលើផ្ទាំងថ្ម មានអីភ្លាត់ជើងធ្លាក់ចូលទៅក្នុងសមុទ្រ អណ្តែតត្រសែតម្នាក់ឯងជាង ២ ម៉ោងទើបមានអ្នកជួយ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ នៅខេត្តសាម៉ុយ ប្រទេសថៃ ដោយបុរសរងគ្រោះមានវ័យ ៣៧ ឆ្នាំ ជាអ្នកធ្វើការនៅសណ្ឋាគារមួយកន្លែងនាខេត្តសាម៉ុយនោះ។ នៅថ្ងៃកើតហេតុ គេបានដើរទៅមើលទេសភាពមាត់សមុទ្រលើផ្ទាំងថ្មមួយ ហើយក៏បានរអិលជើងធ្លាក់ចុះទៅ ដោយព្យាយាមឡើងមកវិញមិនកើតឡើយ គេបានព្យាយាមស្រែករកអ្នកជួយ ក្រោយមកក៏មានមនុស្សម្នាក់បានបោះធុងទឹកសុទ្ធមួយដបមកឱ្យ ទើបបានឱបជាប់បណ្តែតខ្លួននៅលើទឹកអស់ចំនួន ២ ម៉ោង ទម្រាំតែមានទូកមកជួយឡើងទៅលើគោក។
យ៉ាងណាមិញ បុរសរូបនេះ ត្រូវបានគេជួយសង្រ្គោះបានសម្រេច តែរាងកាយរបស់គេស្ថិតក្នុងសភាពទន់ខ្សោយខ្លាំងណាស់ ហើយចុងក្រោយក៏ត្រូវបានគេបញ្ជូនទៅពិនិត្យព្យាបាលនៅឯមន្ទីរពេទ្យបន្តទៀតផងដែរ៕
ប្រភព៖ AMARINTV