ចាស់ៗថាមិនខុស! ជំនាញលោតឆត្រ ២០ ឆ្នាំ ចុងក្រោយភ្លាត់ស្នៀតមកបង់ជីវិតនឹងអាជីពខ្លួនឯង
កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅតំបន់ Sao Conrado ប្រទេសប្រេស៊ីល ដោយអ្នកជំនាញលោតឆត្រយោងម្នាក់ឈ្មោះ Jose Lima Jr អាយុ ៤៩ ឆ្នាំ បានភ្លាត់ស្នៀតធ្លាក់ពីលើភ្នំក្នុងកម្ពស់ ២៥០ ម៉ែត្របាត់បង់ជីវិតនៅនឹងកន្លែង នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Ladbible។
តាមព័ត៌មានបានឱ្យដឹងថា លោក Lima មានទម្លាប់លោតឆត្រចុះពីលើកំពូលភ្នំ ប៉ុន្តែជាអកុលសលើកចុងក្រោយនេះ ឆត្ររបស់លោកជួបបញ្ហាដែលមិនរលាស់បើកពេលដែលលោកលោតចុះពីលើភ្នំ រហូតបណ្ដាលឱ្យលោកធ្លាក់ចុះទៅក្រោមក្នុងកម្ពស់ដល់ ២៥០ ម៉ែត្របុកនឹងថ្មនៅខាងក្រោមស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្ដង។
វីដេអូស្ដែងៗបានបង្ហាញឱ្យឃើញលោក Lima ពិនិត្យមើលឆត្រយោងរបស់លោកមុននឹងលោតផងដែរ ប៉ុន្តែគ្រោះអកុសលនៅតែកើតមានឡើងបើទោះជាលោកខ្លួនឯងប្រុងប្រយ័ត្នហើយក៏ដោយ។ ដោយឡែកចំពោះមូលហេតុបណ្ដាលឱ្យឆត្ររបស់លោកមានបញ្ហាមិនរលាស់គឺនៅមិនទាន់បានបញ្ជាក់នៅឡើយទេ។
គួរឱ្យដឹងផងដែរថា ហេតុការណ៍គ្រោះអកុសលមួយបានកើតឡើងនៅពេលដែលលោក Lima ទើបត្រឡប់មកប្រទេសប្រេស៊ីលជួបជុំជាមួយសាច់ញាតិបងប្អូនវិញ។ លោក Lima បានរស់នៅក្នុងប្រទេសអាល្លឺម៉ង់ច្រើនឆ្នាំមកហើយ។ តាមសម្ដីសាច់ញាតិរបស់លោកបានលើកឡើងដែរថា៖ «ពួកយើងមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេ។ គាត់ជាអ្នកលោតឆត្រដ៏ជំនាញរយៈពេល ២០ ឆ្នាំមកនេះ។ គាត់មានបទពិសោធលើអាជីពនេះខ្លាំងណាស់ ដូច្នេះគាត់ពិតជាជួបគ្រោះថ្នាក់អ្វីមួយហើយ»។ បច្ចុប្បន្ន ខាងអាជ្ញាធរកំំពុងបន្តស៊ើបអង្កេតលើករណីមួយនេះ៕