ហួសចិត្តចូលដល់ ៨០! នៅចិន ស្ត្រីពពោះមានបញ្ហាសុខភាព ពេទ្យតម្រូវឱ្យវះកាត់សម្រាលភ្លាមៗ តែគ្រួសារបដិសេធដាច់ខាត ព្រោះមិនទាន់ដល់ពេលត្រូវហ៊ុងស៊ុយ
កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ពេទ្យសម្ភពម្នាក់នៅខេត្ត Zhejiang ប្រទេសចិន បានជួបប្រទះបញ្ហាដ៏លំបាកមួយពេលដែលលោកជួយសង្គ្រោះស្ត្រីមានផ្ទៃពោះម្នាក់ដែលត្រូវការធ្វើការវះកាត់សម្រាលកូនភ្លាមៗ។ យ៉ាងណាមិញ ស្ថានការណ៍គឺមិនអាចធ្វើទៅបានដោយសារតែក្រុមគ្រួសាររបស់ស្ត្រីរូបនោះបដិសេធដាច់អហង្ការមិនទាន់ឱ្យសម្រាលព្រោះតែមិនទាន់ដល់ពេលវេលាល្អ។ ជាងនេះទៅទៀត ស្ត្រីពពោះរូបនោះខ្លួនឯងក៏នៅស្ទាក់ស្ទើរក្នុងការសម្រេចដូចគ្នាដែលជាហេតុកាន់តែធ្វើឱ្យគ្រូពេទ្យលំបាកថែមទៀត។
តាមការចេញផ្សាយពីសារព័ត៌មាននៅក្នុងប្រទេសចិនបានឱ្យដឹងថា ស្ថានភាពរបស់ស្ត្រីពពោះរូបនោះគឺមិនអាចទុកយូរបានតទៅទៀតនោះឡើយ ប៉ុន្តែដោយសារតែពេលនោះគ្មានវត្តមានក្រុមគ្រួសាររបស់នាងនៅក្បែរ នាងមិនអាចយល់ព្រមឱ្យគ្រូពេទ្យធ្វើការវះកាត់សម្រាលកូនភ្លាមៗបានឡើយ។ គ្រូពេទ្យបានទាក់ទងទៅក្រុមគ្រួសាររបស់អ្នកជំងឺដោយផ្ទាល់ តែបែរជាត្រូវបានបដិសេធម៉ាត់ៗមិនឱ្យគ្រូពេទ្យវះកាត់សម្រាលនោះឡើយ។
រឿងរ៉ាវដ៏ហួសចិត្តមួយនេះបានបង្កឱ្យមានការផ្ទុះវែកញែកយ៉ាងក្ដៅគគុកពេញបណ្ដាញសង្គមក្នុងប្រទេសចិន ដោយមហាជនជាច្រើននាំគ្នាបញ្ចេញមតិខឹងសម្បាទៅលើក្រុមគ្រួសារស្ត្រីដែលពពោះនោះថាមិនបារម្ភពីសុវត្ថិភាពម្ដាយ និង កូនទេ បែរជាខ្វាយខ្វល់រឿងពេលវេលាល្អទៅវិញ។ អ្នកខ្លះបានដាក់ធ្ងន់ៗថា៖ «ក្មេងកើតចំពេលវេលាល្អហ្នឹងជួយឱ្យក្លាយជាសេដ្ឋីមែន? ឈប់ទៅជឿលើអបិយជំនឿបែបនេះ» «បើនៅតែរឹងទទឹងរង់ចាំពេលវេលាល្អ ហើយចុងក្រោយក្មេងកើតមកមានបញ្ហា តាំងមកស្ដីថាឱ្យពេទ្យហើយ សម័យណាហើយនៅជឿរឿងបែបនេះទៀត» «ពេលស្លាប់ទៅត្រូវរើសថ្ងៃល្អដែរអត់?»។
ដោយឡែក មហាជនមួយចំនួនទៀតក៏បានចេញមកនិយាយលើកឡើងរឿងសិទ្ធិរបស់ស្ត្រីពពោះ ដែលថាមានតែនាងខ្លួនឯងទេមានសិទ្ធិសម្រេចលើការសម្រាលកូននេះ ប៉ុន្តែតាមស្ថានភាពខាងលើ ស្ត្រីរូបនោះក៏ហាក់ស្ទាក់ស្ទើរមិនហ៊ានសម្រេចចិត្តដែរ រហូតមានអ្នកបញ្ចេញមតិរិះគន់នាងថា៖ «ស្ត្រីជាម្ដាយកូនក្នុងផ្ទៃខ្លួនឯងនោះក៏ស្ទាក់ស្ទើរទៀត ពិតជាជួយអ្វីមិនបានមែន។ នាងអត់ខ្វល់ពីអាយុជីវិតខ្លួនឯងទេឬ?»៕
ប្រភព៖ Kenh14