យុវវ័យកូរ៉េឥលូវនិយមនាំគ្នាទៅ pubs តែមិនមែនជុំគ្នាផឹកស៊ី គឺដើម្បីអានសៀវភៅ
យុវវ័យនៅប្រទេសកូរ៉េខាងត្បូងភាគច្រើនបច្ចុប្បន្ននេះ នាំគ្នាទៅបារ ទៅ pubs នៅក្រុងសេអ៊ូលដើម្បីរំសាយអារម្មណ៍ផឹកស្រាក្រឡុក និង ផ្ដោតអារម្មណ៍អានសៀវភៅយ៉ាងរីករាយ។ ជាក់ស្ដែង pub មួយកន្លែងឈ្មោះ «Chaek Bar» នៅតំបន់ Mangwon-dong សង្កាត់ Mapo ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាទីកន្លែងដ៏ពេញនិយមបំផុតមួយសម្រាប់អ្នកកំពុងពេញនិយម trend ថ្មីហៅថា «Text Hip» ដែលកំពុងផ្ទុះខ្លាំងសម្រាប់យុវវ័យក្នុងប្រទេកូរ៉េ។
អតិថិជននៅ Chaek Bar ភាគច្រើនគឺជាសិស្ស និង យុវវ័យអាយុក្រោម ៣០ ឆ្នាំ។ ពួកគេនាំគ្នាទៅ pub មួយកន្លែងនេះដើម្បីអានសៀវភៅ និង ផឹកគ្រឿងស្រវឹង។ តាមអ្នកជំនាញបានលើកឡើងថា ទំនោរនិយម (Trend) «Text Hip» នេះដែរ ចាប់ផ្ដើមផ្ទុះឡើងពេលដែលមានតារា K-pop និង តារាសម្ដែងកូរ៉េជាច្រើនចែករំលែកបទពិសោធនៃការអានសៀវភៅរបស់ពួកគេ។ ឧទាហរណ៍ តារាចម្រៀង Minji ប្រចាំក្រុម NewJean អានសៀវភៅប្រលោមលោក «The Age of Innocence» របស់អ្នកនិពន្ធ Edith Wharton ក្នុងវីដេអូបទចម្រៀង ឯតារាចម្រៀង Jang Won-young ប្រចាំក្រុម IVE ទម្លាយថានាងអានសៀវភៅរបស់ទស្សនវិទូ Arthur Schopenhauser និង Analects of Confucius រាល់ពេលដែលនាងទំនេរ។
ក្នុងសម័យឌីជីថលដែលអ្វីៗគ្របដណ្ដប់ដោយវេទិកាវីដេអូដូចជា Youtube និង Tiktok ការអានសៀវភៅបានក្លាយជាការបំផុសគំនិតដល់យុវវ័យក្មេងៗឱ្យចូលចិត្តអានសៀវភៅ ដែលផ្ទុយស្រឡះពីផ្នត់គំនិតដែលថាយុវវ័យសព្វថ្ងៃកម្រអានសៀវភៅក្នុងសម័យទំនើបនេះ។
សព្វថ្ងៃនេះ ទំនោរនិយម «Text Hip» បានផ្ទុះខ្លាំងលើបណ្ដាញសង្គម ដោយមនុស្សជាច្រើននាំគ្នាបង្ហោះរូបភាពរបស់ពួកគេកំពុងអានសៀវភៅ។ អ្នកខ្លះថែមទាំងណែនាំពីសៀវភៅដែលពួកគេកំពុងអាន និង របៀបថតរូបឱ្យមើលទៅឃើញទាក់ទាញទៀតផង។ ដោយឡែក ក៏មានអ្នកលើកឡើងដែរថា ទំនោរនិយមមួយនេះគឺត្រឹមតែជាការធ្វើតាមគ្នារយៈពេលខ្លីប៉ុណ្ណោះ វាមិនជាប់លាប់បានយូរឡើយ។ យ៉ាងណាមិញ អ្នកជំនាញក៏បាននិយាយដែរថា គ្មានអ្វីមិនល្អនោះឡើយចំពោះ Text Hip trend នេះ បើទោះជាវាមិនជាប់លាប់បានយូរ តែវាក៏ជាទំនោរនិយមមួយដ៏ល្អផងដែរ៕