ប្រុងប្រ័យត្នផង! មានករណីស្ត្រីម្នាក់កើតជំងឺគួរឱ្យខ្លាច ក្រោយចូលចិត្តទិញអីវ៉ាន់អនឡាញមក Unboxing ច្រើនពេក
ការទិញអីវ៉ាន់អនឡាញបានក្លាយជាសកម្មភាពមួយដែលពេញនិយមទៅៗ ប៉ុន្តែមនុស្សមួយចំនួនមិនបានចាប់អារម្មណ៍ឡើយថា ការទទួលអីវ៉ាន់ និង ការ unboxing អីវ៉ាន់ដែលកុម្មង់មកទាំងនោះអាចធ្វើឱ្យពួកគេប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរនោះទេ។ ជាក់ស្ដែង រឿងរ៉ាវរបស់ស្ត្រីវ័យ ៦៥ ឆ្នាំម្នាក់ក្នុងប្រទេសចិននេះជាឧទាហរណ៍។ លោកស្រី Chen អាយុ ៦៥ ឆ្នាំ រស់នៅខេត្ត Hubei ប្រទេសចិន គាត់ជាញឹកញាប់តែងតែទិញអីវ៉ាន់តាមអនឡាញ និង អង្គុយ unboxing ជារៀងរាល់ថ្ងៃ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ លោកស្រីបានធ្វើការបើកប្រអប់អីវ៉ាន់ដូចសព្វមួយដង ប៉ុន្តែលើកនេះគាត់បានច្រឡំយកដៃមកញីភ្នែកដោយមិនមានការលាងសម្អាតរួចជាមុន ហើយវាក៏បានធ្វើឱ្យលោកស្រីឆ្លងមេរោគសើស្បែកមួយដែលធ្វើឱ្យគាត់រងការឈឺចាប់ខ្លាំងបំផុត។
នៅពេលរសៀលក្រោយការញីភ្នែក ភ្នែករបស់គាត់បានចាប់ផ្ដើមរមាស់តែក៏មិនចាប់អារម្មណ៍ថាធ្ងន់ធ្ងរក៏អត់ខ្វល់ហើយគេងសម្រាកធម្មតា។ ស្រាប់តែពេលភ្ញាក់ដឹងខ្លួនឡើង ភ្នែករបស់គាត់ក៏ចាប់ផ្ដើមឡើងហើមក្រហមកន្ទួល និង មានការឈឺចាប់ខ្លាំង។ ដោយក្ដីបារម្ភ លោកស្រី Chen ក៏បានប្រញាប់ទៅមន្ទីរពេទ្យ Wuhan Donghu ដើម្បីពិនិត្យព្យាបាល។
ទៅដល់គ្រូពេទ្យបានរកឃើញថា គាត់បានកើតជំងឺរើមលើភ្នែក ដោយមូលហេតុបណ្ដាលមកពីគាត់មិនសូវហាត់ប្រាណធ្វើឱ្យប្រព័ន្ធការពាររាងកាយមិនល្អ បូករួមទាំងគាត់មិនលាងសម្អាតដៃឱ្យល្អក្រោយបើកប្រអប់អីវ៉ាន់ដែលកុម្ម៉ង់មកទៀត ទើបពេលគាត់យកដៃញីភ្នែកបណ្ដាលឱ្យមេរោគឆ្លងចូលទៅក្នុងភ្នែក។
គ្រូពេទ្យបានបញ្ជាក់ថា ជំងឺរើម (herpes zoster) គឺជាជំងឺសើស្បែកមួយបណ្ដាលឱ្យកើតមានចេញកន្ទួលក្រហម និង ការឈឺចាប់ខ្លាំងក្លាបំផុត។ ប្រសិនបើមិនទទួលការព្យាបាលត្រឹមត្រូវទេនោះ ជំងឺនេះអាចប្រែទៅជាធ្ងន់ធ្ងររហូតប៉ះពាល់ដល់អាយុជីវិតបាន៕
ប្រភព៖ Kenh14