ទៀតហើយ! យន្តហោះចិនមួយគ្រឿង ជះអណ្ដាតភ្លើងសន្ធោសន្ធៅ ខណៈកំពុងហោះលើអាកាស សង្ស័យហោះបុកសត្វស្លាប
កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុន Hainan Airlines ប្រភេទ Boeing 787 ដឹកអ្នកដំណើរ ២៤៩ នាក់ និង បុគ្គលិកសរុប ១៦ នាក់ បានជួបហេតុការណ៍ឆាបឆេះម៉ាស៊ីនក្រោយហោះចេញពីព្រលាន Fiumicino ប្រទេសអ៊ីតាលី មិនទាន់បានប៉ុន្មាន។
តាមព័ត៌មានបានឱ្យដឹងថា យន្តហោះមួយគ្រឿងនេះហោះចេញពីប្រទេសអ៊ីតាលីឆ្ពោះទៅកាន់ក្រុង Shenzhen ប្រទេសចិន ប៉ុន្តែហោះចេញមិនបានប៉ុន្មានផងក៏ជួបប្រទះហេតុការណ៍ដ៏រន្ធត់នេះតែម្ដង។ រូបភាពស្ដែងៗដែលថតបានបង្ហាញឱ្យឃើញយន្តហោះកំពុងហោះហើរលើអាកាសទាំងម៉ាស៊ីនផ្នែកខាងស្ដាំជះអណ្ដាតភ្លើងសន្ធោសន្ធៅ។
តាមការបញ្ជាក់ពីខាងឆ្មាំសមុទ្រប្រទេសអ៊ីតាលីបានប៉ាន់ស្មានជាបឋមថា ការឆាបឆេះម៉ាស៊ីនទាំងកំពុងហោះហើរលើអាកាសនេះអាចបណ្ដាលមកពីការប៉ះទង្គិចគ្នាជាមួយសត្វស្លាប។ ក្រោយជួបហេតុការណ៍ ខាងបុគ្គលិកលើយន្តហោះដោះស្រាយស្ថានការណ៍ភ្លាមៗដោយបកយន្តហោះត្រឡប់វិញ ទម្លាក់សាំងចូលសមុទ្រមុនពេលធ្វើការចុះចតនៅព្រលានយន្តហោះ Fiumicino វិញដោយសុវត្ថិភាព។ ហេតុការណ៍នេះផងដែរ មិនបានបង្កការរាំងស្ទះជើងហោះហើរដទៃទៀតនៅព្រលានយន្តហោះខាងលើនោះឡើយ៕