បង្រៀនកូនធ្វើកិច្ចការផ្ទះ ប្រាប់យ៉ាងណាក៏កូនមិនយល់ មួម៉ៅពេកទៅជាស្ទះខ្យល់ដល់ថ្នាក់ចូលបន្ទប់ ICU
មានរឿងរ៉ាវមួយ កំពុងតែធ្វើឱ្យមានការផ្ទុះហួសចិត្តជាខ្លាំងនៅក្នុងបណ្តាញសង្គមរបស់ចិន ដោយមានបុរសជាឪពុកម្នាក់ ខំបង្រៀនកិច្ចការផ្ទះដល់កូន តែកូនរៀនមិនចេះមិនយល់ ស្រាប់តែតឹងទ្រូងស្ទះខ្យល់ខ្លួនឯង ដល់ថ្នាក់ចូលសង្រ្គោះបន្ទាន់។
តាមព័ត៌មានបានឱ្យដឹងថា បុរសជាឪពុកនេះបានបង្រៀនកិច្ចការផ្ទះដល់កូនស្រីវ័យ ៧ ឆ្នាំ ដោយបង្រៀនឱ្យចេះអានអក្សរលើកដាក់សំឡេងឱ្យបានត្រឹមត្រូវ តែកូនស្រីហាក់ដូចជាអានមិនត្រូវតាមចិត្តឪពុកទាល់តែសោះ។ ឪពុកក៏ចេះតែខំបង្រៀនទៀត តែកូនស្រីនៅតែធ្វើមិនបាន ដែលធ្វើឱ្យឪពុកក៏ចាប់ផ្តើមមានអារម្មណ៍ស្រ្តេសមួម៉ៅ រហូតទៅជាញ័រដៃញ័រជើង បេះដូងដើរលឿន ពិបាកដកដង្ហើមរហូតត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
យ៉ាងណាមិញ ក្រោយពីទទួលការសង្រ្គោះព្យាបាលរួចរាល់ គ្រូពេទ្យបានឱ្យដឹងថាឪពុករូបនេះមានអាការៈខួរក្បាលខ្វះអុកស៊ីសែន ព្រោះតែកើតការខឹងខ្លាំងពេក។ ដោយឡែក គ្រូពេទ្យក៏បានណែនាំអាណាព្យាបាលផ្សេងៗ ព្យាយាមទប់អារម្មណ៍ក្នុងការបង្រៀនកូនៗ ព្រោះការស្រ្តេស ឬ ខឹងអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពដូចជាករណីនេះដូច្នេះឯង៕
ប្រភព៖ Sanook