ពូកែច្នៃណាស់! ប្រើខ្នុរដុតជំនួសសាច់មាន់ ចុងភៅស្រីវ័យក្មេងម្នាក់ឈ្នះជ័យលាភីលេខ ១ ប្រកួតចម្អិនម្ហូបថ្នាក់ជាតិ ឆ្នាំ ២០២៤
CAMFOOD + CAMHOTEL 2024 គឺជាការប្រកួតម្ហូបថ្នាក់ជាតិធំជាងគេមួយនៅកម្ពុជា ដែលតែងធ្វើឡើងជារៀងរាល់ឆ្នាំ។ ជាក់ស្តែង សម្រាប់ឆ្នាំ ២០២៤ នេះ កម្មវិធីទើបបានធ្វើឡើងកាលពីដើមខែវិច្ឆិកា នៅឯមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមពីសំណាក់ចុងភៅទឹកដៃខ្លាំងៗ និង មានប្រកួតដល់ទៅ ៧ វិញ្ញាសា។ មួយក្នុងចំណោមនោះ វិញ្ញាសាចម្អិនម្ហូបបួស ឬម្ហូប Vegan បានរកឃើញម្ចាស់ជ័យលាភីលេខ ១ បានទៅលើចុងភៅស្រីវ័យក្មេងគឺ កញ្ញា ស៊ន សុវណ្ណថេន ដែលត្រូវបានបញ្ជូនចូលប្រកួតដោយ លោក សៅ សុភ័ក្ត្រ ជាគណៈកម្មការនៃកម្មវិធីនេះ ហើយក៏ជាមេចុងភៅនៅភោជនីយដ្ឋាន Villa 5 Cuisine នៅរាជធានីភ្នំពេញផងដែរ។
បង្ហើបពីអារម្មណ៍រំភើប ម្ចាស់ជ័យលាភីលេខ ១ លើវិញ្ញាសាម្ហូបបួសរូបនេះបាននិយាយថា៖ «ខ្ញុំមិននឹកស្មានថាខ្លួនឯងបានឈ្នះជ័យលាភីនេះទេ ព្រោះវាជាលើកទីមួយរបស់ខ្ញុំក្នុងការចូលប្រកួត ម្យ៉ាងមុនពេលប្រកួត ខ្ញុំគិតថាចូលប្រលូកដើម្បីយកបទពិសោធប៉ុណ្ណោះ»។
លោក សៅ សុភ័ក្ត្រ ដែលជាគណៈកម្មការនៃកម្មវិធី និង ជាអ្នកបង្វឹកម្ចាស់ជ័យលាភី ស៊ន សុវណ្ណថេន ផ្ទាល់ លោកបានឱ្យដឹងថា ចំពោះវិញ្ញាសាម្ហូបបួស អ្នកប្រកួតមិនអាចប្រើប្រាស់គ្រឿងផ្សំចម្អិនពាក់ព័ន្ធនឹងសាច់ឡើយ សូម្បីតែទឹកត្រី គ្រីម ទឹកឃ្មុំ និង ទឹកដោះក៏មិនអាចប្រើបានដែរ។ ដូច្នេះ អ្នកប្រកួតប្រើបានតែអំបិល ស្ករ ម្រេច និង បន្លែជាដើមប៉ុណ្ណោះ។ យ៉ាងណាមិញ ជាមួយគំនិតច្នៃប្រតិដ្ឋខ្ពស់ ចុងភៅ ស៊ន សុវណ្ណថេន នាងប្រើខ្នុរជំនួសសាច់មាន់ ដោយយកខ្នុរទៅដុត រួចមូរជាមួយបាយ និង រុំជាមួយអំបុកហើយដាក់បំពងឆ្អិន ក្លាយជាម្ហូបមួយមុខដ៏ពិសេស ហូបក្លែមជាមួយគ្រីមធ្វើពីគ្រាប់ស្វាយចន្ទី ទឹកអំពិលទុំ និង ជីរគ្រប់មុខ។
តាមរយៈម្ហូបមួយចាននេះ ម្ចាស់ជ័យលាភីវ័យ ២៣ ឆ្នាំ បានបញ្ជាក់ថា នៅពេលចម្អិន នាងព្យាយាមជ្រើសរើសផលិតផលក្នុងស្រុកមកធ្វើជាគ្រឿងផ្សំ។ ក្នុងនោះ ខ្នុរជាផ្លែឈើមួយប្រភេទដែលងាយរក, គ្រាប់ស្វាយចន្ទីជាផលិតផលដែលកម្ពុជាជាប្រទេសនាំមុខទី ២ នាំចេញទៅក្រៅប្រទេស, អំបុកបង្ហាញពីវប្បធម៌នៃពិធីបុណ្យអុំទូក, ចំណែកទឹកអំពិលទុំ បំផុសគំនិតពីទឹកជ្រលក់មាន់ដុតខ្មែរយើង។
គួរឱ្យដឹងដែរថា ម្ចាស់ជ័យលាភីលេខ ១ វិញ្ញាម្ហូបបួសក្នុងកម្មវិធីប្រកួតម្ហូបថ្នាក់ជាតិធំប្រចាំឆ្នាំ ២០២៤ នេះ បច្ចុប្បន្ន នាងមានអាជីពជាចុងភៅ កំពុងបម្រើការងារនៅភោជនីយដ្ឋានប្រណីត Villa 5 Cuisine ។ នាងមានស្រុកកំណើតនៅទីក្រុងភ្នំពេញ មានបងប្អូន ៤ នាក់ ស្រី ២ ប្រុស ២។ នាងស្រលាញ់ចូលចិត្តការចម្អិនតាំងតែពីតូច រាល់ពេលទំនេរនាងតែងចូលជួយការចម្អិនរបស់ម្តាយ ដែលការជួយចម្អិននេះហើយ ធ្វើឱ្យនាងធំឡើងមានមហិច្ឆតាទៅក្នុងវិស័យអាហារ។ នាងបានបញ្ចាប់ការសិក្សានៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា Academy of Culinary Arts Cambodia ហើយក៏បានបោះជំហានជាមួយអាជីពចុងភៅមកដល់សព្វថ្ងៃ៕