ទាន់ហេតុការណ៍! ND របស់ Miss Grand ឥណ្ឌា ដែលបវរកញ្ញាទើបឈ្នះមកុដ ប្រកាសបញ្ឈប់អាជ្ញាប័ណ្ណជាមួយ Miss Grand International ហើយ
មុននេះបន្តិច ផេកហ្វេសប៊ុក Sash Factor ដែលជាផេកគាំទ្រវិស័យបវរកញ្ញាបានធ្វើការបង្ហោះដំណឹងដ៏ក្ដៅគគុកមួយ ដោយពេលនេះ ND របស់កម្មវិធី Miss Grand ប្រចាំប្រទេសឥណ្ឌា បានចេញលិខិតប្រកាសជាផ្លូវការបញ្ចប់ការរួមសហការគ្នាជាមួយនឹង Miss Grand International តទៅទៀតហើយ។
តាមរយៈការបង្ហោះអមដោយលិខិតប្រកាសដ៏វែងអន្លាយបានរៀបរាប់ដោយបកមកជាភាសាខ្មែរថា ៖ «ក្រោយការពិចារណាដោយប្រុងប្រយ័ត្ន ពួកយើងបានសម្រេចចែកផ្លូវលែងសហការជាមួយ Miss Grand International តទៅទៀតហើយ។ ការសម្រេចចិត្តរបស់យើងកើតចេញដោយការទទួលស្គាល់ថា ចក្ខុវិស័យ និង គោលដៅរបស់យើងគឺមានភាពខុសគ្នានៅពេលនេះ។ ជំហានមួយនេះបានអនុញ្ញាតឱ្យយើងផ្ដោតលើការវិនិយោគ និង គម្រោងដ៏រីករាយមួយដែលកំពុងតែដំណើរការ ដោយយើងទម្លាយប្រាប់គ្រប់គ្នាក្នុងពេលឆាប់ៗនេះ។
ភាពស្មោះត្រង់នៅតែជាមូលដ្ឋានគ្រឹះនៃគុណតម្លៃរបស់យើង ហើយវាក៏ជះឥទ្ធិពលយ៉ាងខ្លាំងក្លាលើការសម្រេចចិត្តមួយនេះផងដែរ។ ពួកយើងនៅតែប្តេជ្ញាចិត្តជាចម្បងលើការជឿទុកចិត្ត ភាពត្រូវរ៉ូវគ្នា និង ទំនាក់ទំនងយូរអង្វែងនៅពេលដែលយើងបោះជំហានទៅមុខ។
យើងក៏មានមោទកភាពយ៉ាងខ្លាំងក្នុងការអបអរ Rachel Gupta ដែលបាននាំមកុដមាសដំបូងគេបំផុតត្រឡប់មកកាន់ប្រទេសឥណ្ឌាវិញ ក្រោយឈ្នះការប្រកួត Miss Grand International 2024។ Rachel នាងនៅតែជា queen របស់យើងជារៀងរហូត ហើយភាពជោគជ័យរបស់នាងចារទុកជាប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់ប្រទេសយើង។ ពួកយើងពិតជាមានមោទកភាពដែលបានឈរក្បែរនាង និង នៅតែបន្តគាំទ្រនាងអំឡុងពេលកាន់តំណែងនេះ។
នេះជាការចាប់ផ្ដើមនៃទំព័រថ្មី ហើយយើងនឹងធ្វើការចែករំលែកព័ត៌មានថ្មីៗបន្ថែមទៀតជាមួយអ្នករាល់គ្នាឆាប់ៗនេះ។ អរគុណចំពោះការយោគយល់ និង គាំទ្រ»៕