ឥណ្ឌាប្រកាសបិទសាលា ផ្អាកការធ្វើចរាចរណ៍ ព្រោះខ្យល់ពុលលើសកម្រិតសុវត្ថិភាព ៥០ ដង គ្របដណ្ដប់ពេញទីក្រុង
កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ទីក្រុង New Delhi ប្រទេសឥណ្ឌា គ្របដណ្ដប់ទៅដោយខ្យល់ពុលកម្រិតខ្ពស់បង្កជាអ័ព្ទក្រាស់ឃ្មឹក រហូតអាជ្ញាធរត្រូវបង្ខំបិទសាលារៀន ផ្អាកការសាងសង់ និង ហាមប្រាមមិនឱ្យយានយន្តធ្វើចរាចរណ៍។
តាមវិបសាយ IQAir នៅវេលាម៉ោង ១០ កន្លះព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ទីក្រុង New Delhi ប្រទេសឥណ្ឌា ជាប់ជាទីក្រុងរងខ្យល់ពុលខ្លាំងក្លាជាងគេបំផុតលើពិភពលោក ជាមួយសន្ទស្សន៍គុណភាពខ្យល់ (air quality index) 468 និង សន្ទស្សន៍ល្អងធូលីដី PM2.5 ៣២៩µg/m³។ គួរបញ្ជាក់ឱ្យដឹងផងដែរថា ភាគល្អិតនៃល្អងធូលីដីក្នុងបរិយាកាសអាចចូលទៅក្នុងសួត និង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់មនុស្ស។
បើតាមក្រុមប្រឹក្សាគ្រប់គ្រងការបំពុលប្រចាំប្រទេសឥណ្ឌាបានបញ្ជាក់កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅថា សន្ទស្សន៍គុណភាពខ្យល់ក្នុងទីក្រុង New Delhi ក្នុងរយៈពេល ២៤ ម៉ោងគឺ ៤៨៤ ដែលចាត់ថ្នាក់ជាកម្រិតខ្យល់ពុលធ្ងន់ធ្ងរខ្លាំងក្លាបំផុត (Severe+) និង ជាកម្រិតខ្ពស់ខ្លាំងបំផុតដែលកើតមានក្នុងឆ្នាំនេះ។ តាមក្រុមប្រឹក្សាដដែលបានបញ្ជាក់ឱ្យដឹងដែរថា សន្ទស្សន៍គុណភាពខ្យល់ដែលល្អមានសុវត្ថិភាពគឺស្ថិតក្នុងចន្លោះពី ០-៥០។
នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា នោះ អគារជាច្រើនក្នុងក្រុង New Delhi ត្រូវបានគ្របដណ្ដប់ដោយអ័ព្ទនៃខ្យល់ពុល រហូតសាលារៀន ការដ្ឋានសាងសង់ ក៏ដូចជាចរាចរណ៍នានាត្រូវបានផ្អាកជាបណ្ដោះអាសន្នសិន។ ជាងនេះទៅទៀត តំបន់ខ្លះនៃទីក្រុងនេះរងការប៉ះពាល់ដោយខ្យល់ពុលខ្លាំងក្នុងកម្រិត ៥០ ដងខ្ពស់ជាងកម្រិតកំណត់ដោយអង្គការសុខភាពពិភពលោកទៅទៀត។
គួរឱ្យដឹងផងដែរថា ការបំពុលបរិយាកាសនៅភាគខាងជើងប្រទេសឥណ្ឌាគឺកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសក្នុងរដូវរងាតែម្ដងដែលជារដូវដែលកសិករធ្វើការដុតជញ្ជ្រាំងតាមវាលស្រែ។ ផ្សែងនៃការដុតទាំងនោះបានប្រមូលផ្ដុំលើបរិយាកាសដោយអាកាសធាតុត្រជាក់ ហើយក៏ផាត់បក់ចូលទៅក្នុងក្រុង ដែលជាកន្លែងរួមផ្សំគ្នាជាមួយនឹងផ្សែងពុលពីគ្រឿងម៉ូតូយានយន្តបង្កទៅជាការបំពុលខ្យល់ក្នុងបរិយាកាសនេះឯង។ ផ្សែងពុលបង្កចេញពីរោងចក្រនានាក៏រួមចំណែកក្នុងការកើនឡើងនៃការបំពុលខ្យល់ក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះផងដែរ៕