អាប់ដែតថ្មី! ករណីស្ត្រីម្នាក់ស្ល-ា/.ប់ដោយសារប្រតិកម្មថ្នាំចាក់ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនម្ចាស់គ្លីនិកបានហើយ កំពុងសាកសួរ
នៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បាន និង ផ្ទុះការភ្ញាក់ផ្អើលនឹងករណីមួយយ៉ាងខ្លាំង ដែលជាករណីប្រទះឃើញសាកសពរបស់ស្ត្រីម្នាក់ត្រូវគេយកមកប្លុងចោលនៅគុម្ពព្រៃ ក្នុងភូមិសាស្ត្រមួយនៃខេត្តកែវ។
បើតាមរយៈព័ត៌មានបឋមបានឱ្យដឹង សង្ស័យមានករណីម្ចាស់គ្លីនិកឯកជនម្នាក់ បានចាក់ថ្នាំស្ត្រីជាអ្នកជំងឺបណ្តាលឱ្យស្លាប់ រួចហើយបានដឹកសាកសព និង យកកូនរបស់ជនរងគ្រោះ ដែលមានអាយុជាង ៣ ឆ្នាំ ប្លុងចោល ចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីផ្ទះជនរងគ្រោះ។
ដោយឡែក នៅរសៀលថ្ងៃដដែល តាមរយៈសារព័ត៌មាន Fresh News បានទទួលបានព័ត៌មានបន្ថែមពីលោកឧត្តមសេនីយត្រី ហ៊ិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តតាកែវ តាមរយៈការធ្វើកោសល្យវិច្ឆ័យសមត្ថកិច្ចបានសន្និដ្ឋានថា ស្ដ្រីរងគ្រោះស្លាប់ដោយសារការប្រតិកម្មថ្នាំ។ រីឯម្ចាស់គ្លីនិកឯកជនដែលចាក់ថ្នាំឱ្យស្ដ្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីធ្វើការសួរនាំភ្លាមៗផងដែរ។ ម្ចាស់គ្លីនិក ដែលត្រូវបានឃាត់ខ្លួនឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរជាវេជ្ជបណ្ឌិត។
ក្នុងនោះ លោកឧត្តមសេនីយត្រី ហ៊ិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តតាកែវ បានបន្ថែមទៀតថា ស្ដ្រីម្ចាស់គ្លីនិកខាងលើត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
គួរឱ្យដឹងថា តាមការបញ្ជាក់របស់ក្រុមគ្រួសារសពបានឱ្យដឹងថា កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា កន្លងទៅនេះ ស្ដ្រីរងគ្រោះឈ្មោះ ណាំ ចន្ធូ និង កូនតូចអាយុ ៣ ឆ្នាំ បានជិះម៉ូតូចេញពីផ្ទះទៅគ្លីនិកមួយកន្លែង ដើម្បីចាក់ថ្នាំ ប៉ុន្ដែមិនឃើញត្រឡប់មកផ្ទះវិញឡើយ។ ក្រោយមកក្រុមគ្រួសារបាននាំគ្នាដើររក ស្រាប់តែប្រទះឃើញម៉ូតូ និង កូនតូច តែមិនទាន់រកឃើញស្ដ្រីជាម្ដាយឡើយ។ រហូតដល់ព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ស្រាប់តែមានសេចក្ដីរាយការណ៍ថា ស្ដ្រីរងគ្រោះត្រូវបានគេប្រទះឃើញស្លាប់នៅក្រោមដើមឈើមួយកន្លែង។
ស្ត្រីជនរងគ្រោះត្រូវបានគេបង្ហាញអត្តសញ្ញាណមានឈ្មោះ ណាំ ចន្ធូ អាយុ ៤១ ឆ្នាំ រស់នៅភូមិ ម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ហើយពេលនេះសាកសពបានបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណី រីឯកូនដែលមានអាយុ ៣ ឆ្នាំ កំពុងត្រូវបានក្រុមគ្រួសារមើលថែ៕