មិនធម្មតា! អាយុទើប ៧ ឆ្នាំចេះឆ្អិនខាង IT រហូតទាក់ចិត្តក្រុមហ៊ុនមួយហៅចូលធ្វើមេផ្នែក
ក្មេងប្រុសអាយុ ៧ ឆ្នាំម្នាក់ឈ្មោះ Sergey ត្រូវគេហៅថាអ្នកប្រាជ្ញផ្នែក IT ក្រោយចេះស្ទាត់ជំនាញខ្លាំងលើផ្នែកនេះ រហូតក្រុមហ៊ុនមួយនៅរុស្ស៊ីអញ្ជើញឱ្យទៅធ្វើការជាមេគេ ពេលដែលរូបគេមានអាយុ ១៤ ឆ្នាំ។
ក្រុមហ៊ុន IT នៅរុស្ស៊ីឈ្មោះ Pro32 បានផ្ញើសំបុត្រមួយទៅអញ្ជើញក្មេងប្រុស Sergey ដែលរស់នៅក្រុង St. Petersburg ឱ្យមកកាន់តំណែងជាមេផ្នែកហ្វឹកហ្វឺនបុគ្គលិកសម្រាប់ក្រុមហ៊ុនរបស់លោក ពេលដែលក្មេងប្រុសរូបនោះមានអាយុគ្រប់គ្រាន់អាចចូលធ្វើការបាន។ គួរឱ្យដឹងថា ក្រោមច្បាប់របស់ប្រទេសរុស្ស៊ី ការអាចបំពេញការងារទទួលប្រាក់ឈ្នួលបាន លុះត្រាជននោះមានវ័យ ១៤ ឆ្នាំឡើងទៅ។
ក្មេងប្រុស Sergey គឺមានភាពល្បីល្បាញខ្លាំងមែនទែនលើពិភព IT របស់រុស្ស៊ី ចាប់តាំងពីរូបគេបង្ហោះវិធីបង្រៀនមួយចំនួនលើ Youtube ពេលដែលគេមានអាយុត្រឹម ៥ ឆ្នាំមកម៉្លេះ។ សមត្ថភាពដ៏អស្ចារ្យមួយនេះហើយដែលបានទាក់ចិត្តដល់ CEO ក្រុមហ៊ុន Pro32 លោក Igor Mandik រហូតឈានដល់ការផ្ញើសំបុត្រអញ្ជើញឱ្យមកធ្វើការ និង ថែមទាំងបានពិភាក្សាជាមួយឪពុកម្ដាយ Sergey ថែមទៀតថាមានវិធីណាអាចឱ្យគេធ្វើការបានជាមួយលោកនៅពេលនេះ។
គួរបញ្ជាក់ថា Sergey គឺមាន channel Youtube មួយរបស់ខ្លួនដែលទាក់ទាញមហាជនឱ្យចុច subscribe រាប់ពាន់នាក់ ដោយភាគច្រើនពួកគេចង់រៀនពី Python និង Unity ឬខាងបច្ចេកវិទ្យា AI ជាដើម។ ក្នុងវីដេអូ Sergey បង្រៀនជាភាសារុស្ស៊ី ហើយពេលខ្លះក៏ជាភាសាអង់គ្លេសបានតិចតួចផងដែរ។
ចំពោះប្រាក់ខែដែលគេអាចទទួលបាន គឺនៅមិនទាន់បានកំណត់នៅឡើយទេ ដោយលោក Mandik និយាយថា៖ «ពួកយើងនឹងរង់ចាំ ៧ ឆ្នាំទៀត ទើបយើងនិយាយចរចាលើប្រាក់ខែរបស់គេ»៕